នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអជ្ញាធរស្រុកកោះធំ ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ២៣ តភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្ដាល។
សូមបញ្ចាក់ថា ផ្លូវជាតិលេខ២៣ នេះមានប្រវែងសរុប ១៩,៨៣គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) ។ ប្រើថវិកាសរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ផ្លូវជាតិលេខ២៣ នេះមាន ទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត។ កំណាត់ផ្លូវជាតិលេខ២៣នេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ៕