សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន០៣ រួមមាន សហគមន៍អេកូទេសចរណ៍កោះផ្តៅ សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ និងសហគមន៍អេកូទេសចរណ៍កោះសាមសិប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកចម្អិនម្ហូប រយ:ពេល០៤ថ្ងៃ គឺចាប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសចុងភៅកម្រិតសហគមន៍នេះ ផ្តោតសំខាន់ទាំងលើទ្រឹស្តី និងអនុវត្តផ្ទាល់ និងគន្លឹះសំខាន់ៗក្នុងផែ្នកចង្រ្កាន ដូចជា ទី១. របៀបចម្អិនម្ហូប ទី២. ការចម្អិនម្ហូបដោយប្រើរូបមមន្តត្រឹមត្រូវ ទី៣. អនាម័យ និងការសម្អិតសម្អាងកាយរបស់ចុងភៅ ទី៤. ការសន្សំសំចៃ ទី៥. អនាម័យ និងបរិស្ថានផ្ទះបាយ ទី៦. ការចងក្រង និងរៀបចំរូបមន្តស្តង់ដារ ទី៧. ការគិតគូរពីបរិស្ថាន ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាក់សំណល់ផ្ទះបាយ និងទី៨. នីតិវិធីក្នុងចង្ក្រានបាយ។
ចំពោះការអនុវត្តចម្អិនម្ហូប វគ្គបណ្តុះបណ្តាលបានបង្រៀនចម្អិនម្ហូប ដូចជា ទី១. ត្រីហាន់ទឹកជ្រលក់កោះសាមសិប ទី២. មាន់ដុតទឹកឃ្មុំ ទី៣. ស្តេកសាច់គោ ទី៤. ភ្លាសាច់គោ ទឹកជ្រលក់ម្រេចកំពត ទី៥. បង្អែមសង់ខ្យាល្ពៅស្លឹកតើយ ៦. អាម៉ុកត្រី និងទី៧. ញាំមីសួរគ្រឿងសមុទ្រលាយសាច់ជ្រូកបីជាន់។
ការបណ្តុះបណ្តាលនេះធ្វើឡើងតាមរយៈមន្ទីរទេសចរណ៍ខេត្តក្រចេះ និងកម្មវិធីបណ្ដុះបណ្ដាល ហូកា (Hoka) របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (swisscontact) បានរៀបចំវគ្គបណ្តុះបណ្តាល បច្ចេកទេសចុងភៅកម្រិតសហគមន៍ ដោយការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ពីគ្រូបង្គោលជំនាញចុងភៅនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ០១រូប និងគ្រូបង្គោលវិស័យឯកជន០១រូប និងមានសិក្ខាកាមសរុបចំនួន១៦រូប ស្រី១៣រូប ៕