ធ្យូងអនាម័យស្នាដៃកូនខ្មែរ មានសមត្ថភាពនាំចេញទៅបណ្តាប្រទេសផ្សេងៗជាច្រើន

0

នាយកក្រុមហ៊ុន Khmer Green Charcoal (KGC) បានថ្លែងថា ធ្យូងអនាម័យស្នាដៃកូនខ្មែរ មានសមត្ថភាពនាំចេញទៅបណ្តាប្រទេសផ្សេងៗជាច្រើនក្នុងរយៈពេលជាង១០ឆ្នាំមកហើយ ដោយសារធ្យូងនេះល្អសម្រាប់សុខភាពនិងបរិស្ថាន រក្សាបាននូវអនាម័យខ្ពស់ មិនផ្ទុះនិងមិនមានផ្សែងហ៊ុយ ជាពិសេសងាយស្រួលក្នុងការប្រើប្រាស់និងចំណេញថវិកា ។

លោក ជុំ វិចិត្រ នាយកក្រុមហ៊ុន Khmer Green Charcoal (KGC) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ធ្យូងអនាម័យរបស់ក្រុមហ៊ុនបាននាំចេញទៅកាន់ប្រទេសជប៉ុន អាល្លឺម៉ង់ កោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង ជាច្រើនឆ្នាំមកហើយ ដោយសារតែធ្យូងប្រភេទនេះធានាបាននូវគុណភាព គ្មានជាតិគីមី ដែលកែច្នៃចេញពីសម្បកត្រឡោកដូង និងកាកសំណល់ជីវម៉ាសនានា សម្រាប់ប្រើប្រាស់ជំនួសធ្យូងធម្មជាតិដែលកាប់ចេញពីព្រៃ ។ លោកបានបន្តថា ការផលិតធ្យូងអនាម័យនេះ គឺមានវត្ថុធាតុដើមជាច្រើនប្រភេទដូចជា សម្បកដូង ត្រឡោកដូង សម្បកត្នោត សម្បកធូរេន កាកអំពៅ ស្នូលពោត ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្ដោតសំខាន់ទៅលើវត្ថុធាតុដើមចំនួន២ប្រភេទ គឺត្រឡោកដូង និងកម្ទេចធ្យូង ដែលប្រមូលទិញពីបណ្ដារោងចក្រនានាដើម្បីកែច្នៃទៅជាធ្យូងអនាម័យ ។

លោកបានបន្ថែមថា ការផលិតធ្យូងអនាម័យនេះ ក្នុងគោលបំណងធំទី១ គឺចូលរួមកាត់បន្ថយនូវការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ទី២ ចង់ជួយគ្រប់គ្រងកាកសំណល់មួយចំនួននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានា និងទី៣ ផ្ដល់ឱកាសការងារដល់ប្រជាជនដែលមានជីវភាពខ្វះខាត ឱ្យគាត់មានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុកនោះឡើយ ។ « ក្នុងនាមខ្ញុំជានាយកក្រុមហ៊ុនក៏ដូចជាកូនខ្មែរមួយរូប សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់ទៅលើរបស់កែច្នៃមួយចំនួន ដែលជាប្រភេទថាមពលកកើតឡើងវិញជំនួសនូវអ្វីដែលមានស្រាប់ ដូចជាធ្យូងធម្មជាតិនាពេលបច្ចុប្បន្នគឺត្រូវបានដកហូតចេញពីព្រៃឈើមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ដូច្នេះគឺធ្វើឲ្យរងនូវហានិភ័យជាច្រើន ឃើញថា ប៉ុន្មានឆ្នាំកន្លងមកនេះព្រៃឈើរបស់កម្ពុជា ទទួលរងផលប៉ះពាល់ជាច្រើន ហើយក៏ធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ថែមទៀតផងជាពិសេសធ្វើឱ្យមានផលប៉ះពាល់ជាច្រើនផ្សេងទៀតដូច្នេះខ្ញុំចង់ឱ្យគាត់ ដឹងថាការប្រើប្រាស់ធ្យូងកែច្នៃនេះ ទីមួយមិនប៉ះពាល់សុខភាព ទីពីរជួយនៅក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ជាពិសេសនោះ ក៏ជាការចូលរួមផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពខ្វះខាតផងដែរ » ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ខ្មែរ ហ្គ្រីន ឆាលខូល (KGC) ចាប់ផ្តើមដំណើរការផលិតធ្យូងអនាម័យកាលពីឆ្នាំ២០០៨ ដែលបច្ចុប្បន្ននេះ មានសមត្ថភាពផលិតធ្យូងអនាម័យបានចន្លោះពី៤ទៅ៥តោនក្នុង១ថ្ងៃ ដោយបានផ្តល់ឱកាសការងារដល់ប្រជាជនក្នុងមូលដ្ឋានជិត៥០នាក់ ។ ធ្យូងអនាម័យរបស់ក្រុមហ៊ុន KGC មានចែកចេញជា៣ប្រភេទ គឺទី១ ផលិតចេញពីត្រឡោកដូងសុទ្ធ១០០ភាគរយ ប្រភេទទី២ ផលិតចេញពីកាកសំណល់រួមផ្សំមួយចំនួន ប្រភេទទី៣ ផលិតចេញពីដើមឈើដាំដុះគឺប្រភេទដើមប្រេងខ្យល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕