ឯកឧត្តមបណ្ឌិត ទូច សុឃៈ លើកទឹកចិត្តឃុំ សង្កាត់ពង្រឹងគុណភាពច្រក​ចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

0

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍​លើកឡើងថា ជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិទាំង​ស្រុងឱ្យពលរដ្ឋ​​ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏មានដែរ យន្តការច្រកចេញចូកតែមួយ។ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួន ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជា​មរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។

ហេតុអ្វីបានជាច្រកចេញចូលតែមួយ ជាយន្តការមានប្រជាប្រិយភាព? ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានរម្លឹកឱ្យដឹងថា នៅដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់មន្រ្តីជំនាញ និងក្រុមការងារ ស្រាវជ្រាវ និងចុះប្រមូលព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយ ដោយរកឃើញថា យន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតដល់ឃុំ សង្កាត់ បានទទួលការពេញចិត្ត និងវាយតម្លៃជាវិជ្ជមាន ទាំងពីប្រជាពលរដ្ឋអ្នកទទួលសេវាផ្ទាល់ ពីបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ ជាអាទិ៍អាល្លឺម៉ង់ ស្វីស និងអូស្ត្រាលីជាដើម។

សម្រាប់ច្រកចេញចូលតែមួយឃុំ សង្កាត់ បន្ទាប់ពីបានអនុវត្តសាកល្បងនៅមូលដ្ឋានគោលដៅមួយចំនួន រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ជាសេនាធិការបានសម្រេចដាក់ឱ្យអនុវត្តយន្តការនេះគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសរួចរាល់ហើយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា យន្តការនេះ បាននឹងកំពុងដឹកនាំចាត់ចែងដោយមេឃុំ និងចៅសង្កាត់។ ដូច្នេះឯកឧត្តមជឿជាក់ថា មេឃុំ ចៅ សង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងមូល នឹងពិតជាខិតខំប្រឹងប្រែងអនុវត្តយន្តការនេះប្រកបដោយគុណភាព ដើម្បីបំពេញសេចក្ដីត្រូវការ ឬក៏អាចនិយាយបានថា ដើម្បីផ្គាប់ចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។

សូមបញ្ជាក់ថា សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ រួមមាន៖ ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ (ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេចក្តីចម្លងមរណភាព។

ក្រៅពីនេះ ក៏មានសេវា ចេញលិខិតបញ្ជាក់នានា ដូចជា សេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាយាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់ភ្ជាប់បណ្តាញ​អគ្គិសនី លិខិតបញ្ជាក់ភ្ជាប់បណ្តាញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។ សម្រាប់តម្លៃនៃសេវារបស់រដ្ឋបាលឃុំ សង្កាត់ សេវាខ្លះមិនអស់ប្រាក់ សេវាខ្លះបង់ប្រាក់ត្រឹម២ពាន់រៀល និងច្រើនបំផុតត្រឹម១ម៉ឺនរៀល ដោយខ្លះរយៈពេល៣ថ្ងៃ ខ្លះមានរយៈពេល១សប្ដាហ៍ និងជាទូទៅ មេឃុំ ចៅ សង្កាត់ ច្រើនតែពន្លឿនជាងនេះជូនពលរដ្ឋ៕