ការនាំចេញលើវិស័យកាត់ដេរ ក្នុងឆ្នាំ២០២៤ មានការកើនឡើងធៀបនឹងឆ្នាំ២០២៣ ខណៈកំណើនការងាររបស់កម្មករនិយោជិក ក៏កាន់តែច្រើនឡើងដែរ

0

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ អំពីកំណើនការនាំចេញ លើវិស័យកាត់ដេរវាយនភណ្ឌ ក្នុងឆ្នាំ២០២៤ បន្តមានការកើនឡើង ទាំងទៅកាន់សហរដ្ឋអាម៉េរិក, សហភាពអ៊ឺរ៉ុប ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរោងចក្រសហគ្រាស ក៏មានការកើនឡើងផងដែរ ដែលនាំឱ្យកំណើនការងារក្នុងស្រុកក៏បានកើនឡើងថែមទៀតផង សម្រាប់ឆ្នាំ២០២៤ បើធៀបជាមួយឆ្នាំ២០២៣ ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កត្តា អ៊នអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បើធៀបនឹងឆ្នាំ២០២៣ វិស័យកាត់ដេរមានការនាំចេញ ក្នុងរង្វង់២៣% ទៅ២៤% ទៅកាន់បណ្តាប្រទេសជាច្រើននៅលើសកលលោក ដូចជាទៅកាន់សហរដ្ឋអាម៉េរិក មានការកើនឡើង ២៣,៧%, ការនាំចេញទៅសហភាពអ៊ឺរ៉ុប ២៧,៧%, ការនាំចេញទៅកាន់ប្រទេសជប៉ុន ២០,៧%, ការនាំចេញទៅកាន់ប្រទេសអង់គ្លេស ១៩,៩% និងទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើង ១៦,៥% ។

ក្នុងនោះមានការបង្កើតរោងចក្រសហគ្រាសច្រើន ជាពិសេសរោងចក្រសហគ្រាសក្នុងការផលិតសម្ភារៈទំនិញសម្រាប់ការនាំចេញ ដែលនាំឱ្យការវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០២៤ មានការកើនឡើងខ្លាំង បើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ ជាពិសេសធៀបនឹងឆ្នាំ២០២៣ ដែលកំណើនរោងចក្រសហគ្រាសក្នុងវិស័យឧស្សាហកម្មកើនឡើងជាង៤ម៉ឺន៤ពាន់ ខណៈកំណើនការងារក៏មានការកើនឡើងផងដែរ ។

“ដូច្នេះកំណើនការងារកើនឡើង វិស័យឧស្សាហកម្មសគ្រាស វិស័យឧស្សាហកម្មកាត់ដេរកើនឡើង ការនាំចេញកើនឡើង ដែលធ្វើឱ្យសេដ្ឋកិច្ចយើងកើនឡើង ក្នុងរង្វង់៥,៨% ក្នុងឆ្នាំ២០២៤ ដែលជាសមទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជានិយោជក វិស័យឯកជនសាធារណៈ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសបងប្អូនកម្មករនិយោជិកយើងដែលប្រឹងប្រែងធ្វើការងារ នៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសនៅក្នុងវិស័យកាត់ដេរយើងនេះ” ។

ដោយឡែកសម្រាប់ឆ្នាំ២០២៥ តាមអ្វីដែល ឯកឧត្តម កត្តា អ៊ន គូសបញ្ជាក់បន្ថែម យោងទៅតាមការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាការព្យាករណ៍របស់បណ្តាធនាគារអន្តរជាតិ ក៏ដូចជាធនាគារ ពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ក៏ដូចជាអ្នកសេដ្ឋកិច្ចជាច្រើនទៀត មើលឃើញថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥ បានរំពឹងទុកថា នឹងមានការកើនឡើង ក្នុងរង្វង់៦,៣% ក្នុងនោះវិស័យឧស្សាហកម្ម រំពឹងមានការកើនឡើងជាង៨,៦% វិស័យសេវាកម្មនឹងកើនឡើងខ្ទង់ជិត៦% និងវិស័យកសិកម្មជាង១%៕