មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងការបែងចែកវេនបើកទឹកស្រោចស្រពចំនួន០២ ទីតាំងក្នុងខេត្តកំពង់ចាម

0

កំពង់ចាម៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អុឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ អមដំណើរដោយ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ មន្រ្តីការិយាល័យជំនាញ និងកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងការបែងចែកវេនបើកទឹកស្រោចស្រពចំនួន០២​ ទីតាំងនៅស្រុកចំការលើ​ ខេត្តកំពង់ចាម។

ក្នុងដំណើរបេសកកម្មនេះ​ ឯកឧត្តមរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យការបែងចែកវេនបើកទឹកស្រោចស្រព​ ដែលហូរចេញក្បាលហុងទឹកអូរសោម ស្ថិតនៅភូមិវារីកើត ឃុំស្វាយទាប ស្រុកចំការលើ ព្រមទាំងបានទៅត្រួតពិនិត្យការដាក់វេនគ្នាបើកទឹកស្រោចស្រពចេញពីក្បាលហុងទឹកទំនប់៥កុម្ភះ ស្ថិតនៅភូមិក្បាលហុងទំនប់5កុម្ភះ និងភូមិក្បាលហុង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ជាកិច្ចបន្ទាប់​ ឯកឧត្តមរដ្ឋលេខាធិការ​ បានបន្តដឹកនាំក្រុមការងារចុះមកពិនិត្យកសិដ្ឋានបន្លែធម្មជាតិនៅក្នុងផ្ទះសំណាញ់ ដែលផ្តោតទៅលើការដាំស្ពៃតឿ​ និងស្ពៃក្រញាញ់។ ឯកឧត្តមរដ្ឋលេខាធិការ​ បានកោតសរសើរដល់ប្រជាពលរដ្ឋដែលចេះយោគយល់គ្នា​ ឯកភាពគ្នាក្នុងការចែកវេនបើកទឹកស្រោចស្រព ក្រោមការដឹកនាំរបស់លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ​ ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និងមានតម្លាភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនប្រជាកសិករ​ និងបានពាំនាំការសួរសុខទុក្ខ​យកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះប្រជាកសិករទាំងអស់​ ព្រមទាំងជម្រាបអំពីស្ថានភាពទីផ្សារស្រូវនៅឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥​ ផងដែរ៕