ក្រសួងផែនការរៀបចំផែនការអភិវឌ្ឍ ដើម្បីប្រែក្លាយកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យOffline ទៅជាOnline

0

ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានណែនាំមន្រ្តីក្រោមឱវាទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យរៀបចំ ផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ ដើម្បីប្រែក្លាយកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យក្រៅបណ្តាញ (Offline) ទៅជាប្រព័ន្ធក្នុងបណ្តាញ (Online) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ទាន់ពេលវេលា និងធានាបានសុក្រឹតភាពនៃ ទិន្នន័យ។

ការណែនាំរបស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីរបាយការណ៍លទ្ធផលបឋមលើការវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ បានមានប្រសាសន៍ថា ក្នុងបរិការណ៍នៃការធ្វើបរិវត្តកម្មឌីជីថល និងក្រោមកិច្ចការគម្រោងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិ បាលកម្ពុជា និងអង្គការយូនីសេហ្វ (២០២៤-២០២៨) ក្រសួងផែនការបានរៀបចំការសិក្សា និងវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ដោយបានជ្រើសរើសទីប្រឹក្សាបច្ចេកទេសក្នុងស្រុក ដែលមានបទពិសោធលើការងារគ្រប់គ្រងទិន្នន័យ អភិវឌ្ឍន៍កម្មវិធីនិងការរៀបចំសេចក្តីណែនាំប្រតិបត្តិច្បាស់លាស់។ ការវាយតម្លៃនេះ គឺជាការរកឱ្យឃើញនូវបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក ដើម្បីរកមធ្យោបាយដោះស្រាយ ការបង្កើតឯកសារប្រតិបត្តិ និងកម្មវិធីគ្រប់គ្រងទិន្នន័យ ដោយប្រែក្លាយទៅជាប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វ បានលើកឡើងថា ចំពោះការគាំទ្រក្រសួងផែនការ ដើម្បីរៀបចំសិក្ខា សាលាថ្ងៃនេះឡើង គឺក្នុងគោល បំណងដើម្បីបង្ហាញអំពីលទ្ធផល និងបញ្ហាប្រឈមដែលរកឃើញ នៅក្នុងរបាយការណ៍លទ្ធផលបឋម ស្តីពីការវាយតម្លៃលើស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ដើម្បីកែលម្អដល់គុណភាពទិន្នន័យ និងធានាដល់ការចែករំលែកអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់, ផ្តល់ឱកាសក្នុងការពិភាក្សា ដើម្បីទទួលធាតុចូលបន្ថែមលើបញ្ហាប្រឈម ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងដើម្បីធានាដល់ការរៀបចំរបាយការណ៍ចុងក្រោយប្រកបដោយខ្លឹមសារពេញលេញ គ្រប់ជ្រុងជ្រោយ ដែលជាទិន្នន័យមានគុណភាព និងជឿទុកចិត្តបាន ជាពិសេសឆ្លើយតបទៅនឹងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលបច្ចុប្បន្ន។

តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះ អង្គពិធីសង្ឃឹមថា នឹងអាចប្រមូលបានព័ត៌មាន ធាតុចូល និងការចែករំលែកនូវបទពិសោធ និងឧត្តមានុវត្តន៍នានា ក្នុងការពង្រឹង និងពង្រីកទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាព ដើម្បីជាគុណ ប្រយោជន៍សម្រាប់ការប្រើប្រាស់បានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវាលា៕