ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត

0

បន្ទាយ​មាន​ជ័យ៖ បន្ទាប់​ពី​មាន​ករណី​មនុស្ស​លោត​សម្រាប់​ខ្លួន​ពីលើ​អគារ កា​ស៉ី​ណូ​ក្រោ​ន​រី​សត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ចារកម្ម ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ដោយ​លោក លុយ ទី​ហូរ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​។

ជា​លទ្ធផល​បាន​បង្ហាញ​ថា មុន​កើតហេតុ​មាន​ជន​រង​គ្រោះ​ម្នាក់​មានឈ្មោះ PID NHARTONO ភេទ​ប្រុស អាយុ​37​ឆ្នាំ ជនជាតិ​ឥ​ណ្ទូ​នេ​ស៉ី ជា​បុគ្គលិក​កា​ស៉ី​ណូ​ក្រោ​ន​រី​សត បាន​មាន​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ​មិត្ត​រួមការ​ងារ ក្នុង​កា​ស៉ី​ណូ ទើប​បង្ក​ឲ្យ​មាន​ហឹ​ង្សា​កើតឡើង ហើយ​ជន​រង​គ្រោះ បាន​រត់គេច​ខ្លួន​តាម​បង្អួច​ជាន់​ទី​៣​នៃ​អគារ​កា​ស៉ី​ណូ​ទើប​បណ្តាល​ឲ្យ​ធ្លាក់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។

May be an image of 4 people and hospital

ភ្លាម​ៗ​នោះ​ដែរ​កម្លាំង​នគរបាល​យើង​បាន ឃាត់ខ្លួន​ជនសង្ស័យ​ជន​ជនជាតិ​ឥ​ណ្ធូ​នេ​ស៉ី​ចំនួន​៥​នាក់​យក​មក​សួរនាំ រួម​មាន​: ១-​ឈ្មោះ TOMMY FEBRY MAHULETTE ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី (​ជន​ដៃ ដល់​), ២-​ឈ្មោះ​៖ HUDLANTO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​, ៣-​ឈ្មោះ​៖ GERY CAHYADI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​, ៤-​ឈ្មោះ NICO ANDREAS ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​, ៥-​ឈ្មោះ WIRIANI ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​មាន​ជម្លោះ និង​បាន​ប្រើ​អំពើ​ហិង្សា ជាមួយ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​កំពុង​សួរនាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕