កំពង់ចាម៖ អគ្គនាយករដ្ឋាករទឹកកំពង់ចាម បានថ្លែងថា គម្រោងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញថ្មីក្នុងខេត្តកំពង់ចាម នឹងចូលរួមលើក កម្ពស់សុខុមាលភាពប្រជាជន បរិស្ថាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ខណៈដែលបច្ចុប្បន្នគម្រោងនេះសម្រេចការសាងសង់បានជិត៩០ភាគរយហើយ ។
ឯកឧត្តម តេង សាវឿន អគ្គនាយករដ្ឋាករទឹកកំពង់ចាម បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ថា រដ្ឋាករទឹកកំពង់ចាម ទទួលបានការអនុវត្តគម្រោងទឹកស្អាតនិងអនាម័យខេត្ត(PWSSP) ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB លេខ៣៦៣០ ដែលអនុវត្តដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ។ គម្រោងនេះទទួលសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD សម្រាប់ការងារសាង់សង់ស្ថានីយបូមទឹកឆៅ(12,000m/ថ្ងៃ) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត(11,600 m /ថ្ងៃ) និងបណ្តាញ(6,5km) ។
ឯកឧត្តមបានបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គម្រោងអនុវត្តបានប្រមាណ៨៦ភាគរយ ដោយមានការយឺតយ៉ាវជាផែនការ ដោយសារតែស្ថានភាពភូមិសាស្ត្រ និងកម្រិតទឹកទន្លេឡើងលឿនជាងបណ្តាឆ្នាំ ។ ការយឺតយ៉ាវនេះ មិនមែនលើជំនាញឬបច្ចេកទេសទាំងស្រុងនោះទេ គឺដោយសារតែស្ថានភាពភូមិសាស្ត្រ និងស្ថានភាពនៃកម្រិតទឹកទន្លេមេគង្គមានការប្រែប្រួល លើការសន្និដ្ឋាននិងការគិតគូរទៅលើការសាងសង់មានការយឺតយ៉ាវ នៅពេលដែលទឹកជំនន់ឡើងខ្ពស់ ការសាងសង់ស្ថានីយនេះគឺមិនអាចអនុវត្តបានតាមផែនការនោះទេ គឺនៅពេលដែលទឹកស្រកបានយើងចាប់ផ្តើមដំណើរការឡើងវិញ ដែលធ្វើឱ្យមានភាពរអាក់រអួលលើគម្រោងនេះ ។
ស្ថានីយនេះអាចផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មខេត្តកំពង់ចាមបានប្រមាណជា៧ពាន់គ្រួសារ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង៣ម៉ឺននាក់ ហើយសម្រាប់គម្រោងស្ថានីយនេះផងដែរ នឹងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន បរិស្ថាន ក៏ដូចជាកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជននៅ ក្នុងដែនសេវាកម្មរបស់យើង » ។
សូមបញ្ជាក់ថា គម្រោងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញក្នុងខេត្តកំពង់ចាមនេះ ប្រើប្រាស់រយៈពេលសាងសង់២០ខែ ដោយបានចាប់ ផ្តើមអនុវត្តកាលពីខែកញ្ញា ឆ្នាំ ២០២២ ។ តាមរយៈ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម គឺបានផ្តល់ទីតាំងដីសម្រាប់សាងសង់ស្ថានីយបូមទឹកឆៅ និងដីសម្រាប់សាងសង់រោង ចក្រប្រព្រឹត្តកម្មទឹកស្អាត មានទំហំប្រមាណ ២៦.៣០០ ម៉ែត្រការ៉េ ៕