ភ្នំពេញ៖ ថ្មីៗនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មុនអំឡុងពេលចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ការបញ្ជាទិញភោគផលកសិកម្មពិសេសស្រូវមានសកម្មភាពយឺត និងបញ្ជាទិញតិច ដូចនេះ ប្រជាកសិករច្រូតហើយគួរកុំបង្ខំចិត្តលក់ភ្លាមៗ ដោយរក្សាទុកស្រូវក្នុងឃ្លាំងសិន ប្រសិនបើមានលទ្ធភាព ពីព្រោះតម្លៃស្រូវអាចនឹងល្អឡើងវិញក្រោយពេលចូលឆ្នាំចិនវៀតណាមនេះ ខណៈពេលនោះការបញ្ជាទិញអាចនឹងមានការកើនឡើងវិញដែរ។ ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីស្រូវអូអឹមបានធ្លាក់ថ្លៃកាលពីដើមខែមករាឆ្នាំ២០២៥នេះមក។ យ៉ាងណាក៏ដោយ រដូវចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ចាប់ពីថ្ងៃទី២៩ហើយនឹងបញ្ចប់នៅដើមខែកុម្ភៈនេះហើយ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ឡើងវិញថា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមុននេះជាប់ដៃប្រមូលទិញស្រូវចុងរដូវវស្សា ដោយរោងម៉ាស៊ីនកិនស្រូវខ្លះអស់ទុនហើយខ្លះអស់ឃ្លាំង ខណៈកាលពីដើមខែមករាស្រូវប្រាំងអូអឹមដើមដៃក៏មកដល់។ យ៉ាងណាក៏ដោយបន្ទាប់ពីរាជរដ្ឋាភិបាលទម្លាក់ទុនអោយខ្ចី រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមដើរប្រមូលទិញឡើងវិញហើយ។
យោងតាមគេហទំព័រសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងអំពីតម្លៃប្រមូលទិញស្រូវអូអឹមក្នុងសភាពសើមដល់វាលស្រែនិងយោលទៅលើគុណភាពស្រូវកាលពីថ្ងៃទី២៩មករា ឆ្នាំ២០២៥នៅតាមតំបន់ ដូចជាតម្លៃ៨១០រៀលក្នុង១គីឡូក្រាមនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ តម្លៃ៨១០រៀលក្នុង១គីឡូក្រាមនៅស្រុកសន្ទុកខេត្តកំពង់ធំ។ តម្លៃ៨០០រៀលក្នុង១គីឡូក្រាមនៅស្រុកជីក្រែងខេត្តសៀមរាប។ តម្លៃ៧៥០រៀលក្នុង១គីឡូក្រាមនៅស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ តម្លៃ៧៨០រៀលក្នុង១គីឡូក្រាមនៅស្រុកសង្កែខេត្តបាត់ដំបង។ តម្លៃ៧៧០រៀលក្នុង១គីឡូក្រាមនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ តម្លៃ៧៥០រៀលក្នុង១គីឡូក្រាមនៅស្រុកបាកានខេត្តពោធិសាត់។ តម្លៃ៨២០រៀលក្នុង១គីឡូក្រាមនៅស្រុកព្រៃកប្បាស់ខេត្តតាកែវ។ តម្លៃ៨០០រៀលក្នុង១គីឡូក្រាមនៅស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង។
សូមរំលឹកថា យោងតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអោយដឹងថានៅមុនឆ្នាំ២០២០ តម្លៃស្រូវអូអ៉ឹម៥៤៥១ក្នុង១គីឡូក្រាមគឺក្រោម១០០០រៀល។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២៣ និង២០២៤ ពេលកើតមានបាតុភូតធម្មជាតិអែលនីណូ ដែលរាំងស្ងួតបានប៉ះពាល់ដល់មុខរបរកសិកម្ម ពិសេសដំណាំស្រូវ។ ប្រទេសឥណ្ឌាបានដាក់ចេញគោលនយោបាយស្ថេរភាពស្បៀង ដោយបានបិទការនាំចេញអង្ករដែលខ្លួនធ្លាប់បានផ្គត់ផ្គង់ចំណែក២០ភាគរយលើទីផ្សារពិភពលោក ។ នៅអំឡុងនោះ ស្រូវអូអឹមកម្ពុជាមានឱកាសទីផ្សារ ដោយឈ្មួញវៀតណាមបានមកទិញស្រូវអូអ៉ឹម៥៤៥១ពីកម្ពុជា ដើម្បីបំពញតម្រូវការទីផ្សារ ដែលធ្វើអោយស្រូវអូអ៉ឹម៥៤៥១ខ្មែរមានតម្លៃឡើងដល់១៣០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅដើមឆ្នាំ២០២៥នេះ គ្រោះធម្មជាតិអែលនីណូលែងគំរាមកំហែងទៀតហើយ បានអនុញាតិអោយឥណ្ឌាអាចបញ្ចេញស្តុកអង្កររបស់ខ្លួនដើម្បីនាំទៅលក់នៅលើទីផ្សារអន្តរជាតិវិញបាន។ ដូចនេះចំណែកទីផ្សារអង្ករត្រូវបានឥណ្ឌាបំពេញឡើងវិញហើយ ធ្វើអោយឱកាសទីផ្សារអង្ករកម្ពុជា ត្រូវបានបាត់បង់វិញដែរ ហើយស្ថិតនៅក្នុងការប្រកួតប្រជែងខ្លាំងហើយនៅទីបំផុតបានធ្វើអោយតម្លៃស្រូវអូអ៉ឹម៥៤៥១របស់កម្ពុជាវិលទៅសភាពដើមវិញ ដូចមុនពេលឥណ្ឌាបិទការនាំចេញ ដែលមានតម្លៃក្រោម១០០០រៀលក្នុង១គីឡូក្រាម៕