កំពង់ចាម៖ ឆ្នាំ២០២៥នេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងបង្កើនសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុន ដោយបានដាក់ចេញនូវផែនការជាច្រើនក្នុងការកែលម្អ និងបណ្តុះបណ្តាលជំនាញដល់បុគ្គលិកសុខាភិបាលបន្ថែមទៀត ។
លោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៤ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានអនុវត្តន៍ការងារជាច្រើន ដោយបានផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ លើការពិនិត្យជំងឺក្រៅ សរុបចំនួន៦៨២,២៣៤ នាក់ , ជំងឺសម្រាកក្នុងមន្ទីរពេទ្យសរុបចំនួន ៥៥៥៩១នាក់ ,សម្រាលកូនក្នុងមូលដ្ឋានសុខាភិបាលចំនួន ១៣,៤៤១នាក់ ,ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ មានចំនួន៧៩,៣៣៤នាក់ កុមារទទួលវ៉ាក់សាំងចំនួន ២១២១៧នាក់ ។
លោកបានបន្តថា បើទោះបីជាមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានអនុវត្តការងារទទួលបានជោគជ័យច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមានជួបបញ្ហាប្រឈមមួយចំនួន ដូចជាខ្វះធនធានមនុស្សនៅតាមមូលដ្ឋានសុខាភិបាល , សមត្ថភាពមន្ត្រីសុខាភិបាលក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីៗនៅមានកម្រិត, នៅតាមមណ្ឌលសុខភាពមួយចំនួននៅខ្វះអគារមុននិងក្រោយសម្រាលកូន ,ហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពេទ្យនិងនៅមណ្ឌលសុខភាពមានសភាពចាស់ ហើយការចូលរួមរបស់សហគមន៍នៅមិនទាន់បានទូលំទូលាយ។
លោកប្រធានមន្ទីរបញ្ជាក់ថា ដើម្បីឱ្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់ល្អប្រសើរជាងមុន ធ្វើយ៉ាងណាឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យមួយដ៏សំខាន់ មន្ទីរសុខាភិបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២៥នេះ បានដាក់ចេញផែនការជាច្រើន ដើម្បីធានាសុខុមាលភាព ក៏ដូចជាលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
« ផែនការនៅក្នុងឆ្នាំ២០២៥ ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត គឺមន្ទីរសុខាភិបាលបានរៀបចំផែនការទី១.ធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធ ជួសជុលនិងសាងសង់បន្ថែមទៀត ទី២ បំពាក់ឧបករណ៍សម្ភារៈពេទ្យទៅតាមស្តង់ដាឱ្យបានត្រឹមត្រូវ ទី៣គឺពាក់ព័ន្ធជាមួយនឹងធនធានមនុស្សពាក់ព័ន្ធទៅលើការបណ្ដុះបណ្ដាលសមត្ថភាព ទី៤ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់បុគ្គលិកសុខាភិបាល ទី៥ ពង្រឹងការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ទី៦ ពង្រឹងអនាម័យបរិស្ថានទាំងក្នុងនិងក្រៅអគារ ក៏ដូចជាបរិស្ថានស្អាតនៅតាមអង្គភាពសុខាភិបាល » ។
សូមបញ្ជាក់ថា ខេត្តកំពង់ចាមមានមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន១ មន្ទីរពេទ្យបង្អែកកម្រិត២ ចំនួន៤ មន្ទីរពេទ្យបង្អែកកម្រិត១ចំនួន៤ មណ្ឌលសុខភាពចំនួន៩៦ និងប៉ុស្តិ៍សុខភាពចំនួន៤ ។ ក្នុងនោះបុគ្គលិកក្របខ័ណ្ឌមានសរុបចំនួន១៥៣០នាក់ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន១៩៣នាក់ ៕