បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិនមួយក្រុម

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​សណ្ឋាគារ នួ ឌី ស៊ី សង្កាត់​ទឹង​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ចាប់​ជន​រង​គ្រោះ​ឈ្មោះ HO THI LUONG ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ចូល​ទៅ​ក្នុង​វ៉ា​លី ដើម្បី​ជំរិត​ទារប្រាក់ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០១​ក្រុម ជនជាតិ​ចិន​។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧៖៣០​នាទី លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ខណ្ឌ​បឹង​កេងកង រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ ដោយ​កម្លាំង​ជំនាញ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ចំនួន​ម្នាក់ ឈ្មោះ ZHAO KANG LI ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន​។

May be an image of 2 people and text

ក្នុង​កម្លាំង​ជំនាញ​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ទី​១៖​ឈ្មោះ JIAO YOUKE អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន និង​ទី​២៖​ឈ្មោះ ZHENG NAIWEN អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ត្រង​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ពួក​ខ្លួន​ដែល​ចូលរួម​ធ្វើ​សកម្មភាព​មាន​គ្នា ចំនួន​៣​នាក់ ដោយ​បាន​ធ្វើ​សកម្មភាព​ចាប់​ស្ត្រីជន​ជាតិចិន និង​វៀតណាម ដាក់​ចូល​ទី​ក្នុង​វ៉ា​លី ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​៦​ករណី មក​ហើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​ឲ្យ​បណ្ដា​ផ្ទះសំណាក់ សណ្ឋាគារ​ទាំងអស់ នៅ​ពេល​ឃើញ​អ្នក​អូស​វ៉ា​លី​ធំ​ៗ​ខុស​ប្រក្រតី សូម​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ជា​បន្ទាន់​៕