ភ្ញៀវទេសចរជាងមួយម៉ឺននាក់ បានមកលេងកម្សាន្តខេត្តកែប នាថ្ងៃបុណ្យចូលឆ្នាំចិន

0

កែប​៖ សម្រាប់​ថ្ងៃ​ទី​២៩​ខែ មក​រា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​បណ្តា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​នានា នៅ​ទូ​ទាំង​ខេត្ត​កែប​ចំនួន​15,996 នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន 15 881​នាក់​។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ប៉ុក ទាំង ប្រធាន​ស្តីទី នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នា​ល្ងាច​នេះ​។

លោក ប៉ុក ទាំង បានអោយ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ ពោល​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​បណ្តា​ទីតាំង​សំខាន់​ៗ​មាន មាន​ឆ្នេរ​លេង​ទឹក​ស្រី​ស ផ្សារ​ក្តាម ឆ្នេរ​អង្កោល និង​ឆ្នេរ​កោះទន្សាយ​ជាដើម​។ ក្នុង​នោះ​ដែរ នា​រសៀល​ថ្ងៃនេះ លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​តាមដាន​ការ​ផ្តល់​សេវា​នានា​របស់​អាជីវករ ទៅ​កាន់​អ្នកទេសចរ ជា​ពិសេស​នៅ​ឆ្នេរ​លេង​ទឹក​ស្រី​ស និង​ផ្សារ​ក្តាម ដើម្បី​បង្ការ​បាតុភាព​ណាមួយ​កើតឡើង រវាង​អ្នក​ផ្តល់​សេវា និង​អ្នក​ទទួល​សេវា​។

លោក ប៉ុក ទាំង បាន​បន្ត​ថា កន្លង​ទៅ​មិន​ថា ពិធីបុណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក មន្ទីរ​ទេសចរណ៍ អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ទៀត តែង​ចុះ​អប់រំ អាជីវករ​ទាំងអស់​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ​ទេសចរ​អោយ​មាន​របៀបរៀបរយ​ល្អ ទាំង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ បរិស្ថាន និង​ការ​លក់ដូរ​ដោយ​ភាពរួស​រាយ​រាក់ទាក់ និង​ស្មោះត្រង់​ជាដើម ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ជូន​ដល់​អ្នកទេសចរ​៕