ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ នៅខេត្តកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ នៅភូមិកោះគ្របបាយ​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប​ ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្ម​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ​ ទទួលបានកម្ចីការប្រាក់ទាប​ និងមានទីផ្សារពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស​ និងការសហការជាមួយមន្រ្តីកសិកម្មឃុំ​ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា​ គោរពច្បាប់វិន័យ​របស់សហគមន៍​ មានភាពស្មោះត្រង់​ និងធ្វើក្នុងគោលដៅរួមគ្នា​ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច​ និងផលប្រយោជន៍យូរអង្វែង។

ជាយន្តការបន្ទាប់​ ឯកឧត្តមរដ្ឋមន្ត្រី​ បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករ​ក្នុងការចុះចុចគោលដៅរួមគ្នា​នូវផ្ទៃដីផលិតកម្ម​ជាមួយផែនការជាក់លាក់​ ចុះបញ្ជីសហគមន៍កសិកម្មទំនើប​ ដើម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ​ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា​ សែនក្រអូប​ ចំបុីស៧០​ និងស្រង៉ែថ្មី​ ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន​ និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាសុីនក្នុងស្រុក។

សូមជម្រាបជូនថា​ បច្ចុប្បន្ននេះក្នុងឃុំកំពង់គោ​មានកសិករដាំស្រូវចំនួន​ ៤០០គ្រួសារ​ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០​ ០០០ហិកតា​ កំពុងពិចារណា​ និងស្នើសុំ​ ឯកឧត្តមរដ្ឋមន្ត្រី​ ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប​ ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច​ និងទទួលបានផលប្រយោជន៍រួមគ្នា៕