ភ្នំពេញ៖ យោងតាមឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេសរបស់ក្រសួងបរិស្ថាន បានបង្ហាញថា ចាប់ពីថ្ងៃទី២២មករាមកដល់ពេលនេះ មានការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ជាពិសេសការ កើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។
នៅថ្ងៃទី២៦មករានេះ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង បានរាប់ចូលតំបន់ពណ៌ក្រហម ដែលរងការបំពុលខ្យល់ខ្ពស់ដែលត្រូវប្រុងប្រយ័ត្ន។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់កាលពីសប្តាហ៍មុ នេះ មានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
ទន្ទឹមនេះឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ដូចជា ការដុតសំរាម ការដុតព្រៃ ការដុតជញ្ជ្រាំងនៅតាមវាលស្រែ និងការដុតប្លាស្ទិក ជាដើម។
ជាមួយគ្នានេះ កម្ពុជាទទួលឥទ្ធពលខ្យល់បក់ពីសមុទ្រចិនខាងត្បូងនាំយកមកជាមួយនូវកំហាប់ខ្យល់ពុលមកពីបណ្តាលប្រទេសនៅជុំវិញ។
ទន្ទឹមនេះក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការច្បាប់ លើរោងចក្រដែល បានដុតកម្ទេចក្រណាត់ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ជាពិសេសគុណភាពខ្យល់ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់អាជ្ញាធរនៅក្នុងតំបន់ក្រហមអោយចូលរួមសហការផ្សព្វផ្សាយដើម្បីទប់ស្កាត់ការដុតសំរាម ការដុតព្រៃ ការដុតជញ្ជ្រាំងនៅតាមវាលស្រែ និងការដុតប្លាស្ទិក នៅក្នុងមូលដ្ឋាន ដើម្បីស្តារគុណភាពខ្យល់ឡើងវិញ។
ការអំពាវនាវកុំអោយមានការដុតចំហេះនេះ បានធ្វើឡើងបន្ទាប់ពីគុណភាពខ្យល់នៅកម្ពុជាបានធ្លាក់ចុះដល់ដល់កម្រិតអោយបង្កើនការប្រុងប្រយត្ន័ក្នុងការការពារសុខភាពប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារដែលស្ថិតនៅក្នុងតំបន់ក្រហមដែលមានកំហាប់ភាគល្អិតខ្ពស់ តាមរយៈបិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ។
កាត់បន្ថយសកម្មភាពចេញខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់។ ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ៕