ក្រចេះ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្ត និងមូលដ្ឋានក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះ មានគ្រួសារកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។
ក្នុងពេលចុះពិនិត្យរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មានស្រូវប្រាំងចំនួនជាង១០០ហិកតាត្រូវបញ្ជូនទឹកសង្គ្រោះ បន្ទាប់ថ្មីៗនេះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរបានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥កន្លងទៅ។
សូមជម្រាបថា បើតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្តដែលបានប៉ះពាល់ និងការទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន ៧ខេត្ត ដូចជា ខេត្តខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕