សប្តាហ៍ទី៣ ខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស

0

ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្ត្រីអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបជាង១ម៉ឺនសេវា។

ក្នុងចំណោមនោះ បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាលិខិតឆ្លងដែនមានជាង៧ពាន់ លិខិតធ្វើដំណើរជាង១ពាន់ សៀវភៅស្នាក់នៅជាង២ពាន់ សៀវភៅគ្រួសារជាង២ពាន់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង៥ពាន់សន្លឹក។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត លើគុណភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្ម។

ជាក់ស្ដែងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិ ស សុខា បានដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ៕