ភ្នំពេញ៖ តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថាជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយកនិងលោកគ្រូ អ្នកគ្រូនៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ ព្រះសង្ឃ និងអាចារ្យក្នុងឃុំ សង្កាត់ ជាដើម។
ហេតុអ្វីបានជាតួអង្គទាំងអស់នេះ ត្រូវបានចាត់ទុកជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ឱ្យដឹងថា ជារួម តួអង្គទាំងអស់នេះ មានភារកិច្ច និងកាតព្វកិច្ចអនុវត្តនិងប្រតិបត្តិដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានច្បាស់លាស់ហើយ ប៉ុន្តែជាស្មារតីនៃអ្នករាជការក្ដី អ្នកបួសក្ដី និងជាអ្នកចេះដឹងក្នុងមូលដ្ឋានក្ដី គឺពួកគាត់អាចធ្វើជាអ្នកប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋបានទៅតាមចំណេះជំនាញ បទពិសោធន៍ ឬការងារដែលពួកគាត់កំពុងប្រតិបត្តិ និងអនុវត្តជាក់ស្ដែង។
លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍បន្ថែម ថា ជាក់ស្ដែង ព្រះសង្ឃអាចផ្ដល់យោបល់ផ្សះផ្សារផ្លូវចិត្ត ឬរំងាប់ជម្លោះមួយចំនួនក្នុងមូលដ្ឋានបាន ចំណែកមេឃុំ ចៅសង្កាត់ ក៏ពលរដ្ឋអាចសុំយោបល់បាន ដូចជា ករណីមានគេទាក់ទងឱ្យកូន ឬសាច់ញាតិទៅធ្វើការទីជិតឆ្ងាយ ឬករណីមានគេមកទាក់ទងចង់ជួលផ្ទះ ឬរបស់របរផ្សេងៗ បើពួកគាត់យល់ថាមិនសូវទុកចិត្ត ឬខ្វះព័ត៌មានសម្រាប់ការពិចារណា មុននឹងសម្រេចចិត្ត លើបញ្ហាផ្សេងៗទៀត ដូចជាការខ្ចីប្រាក់ ឬការចងការប្រាក់ ឬការបបួលរកសុី ដែលអាចបង្កប់ដោយលក្ខខណ្ឌមិនស្មោះត្រង់ និងកេងចំណេញហួសហេតុជាដើម។
នៅមានករណីផ្សេងៗទៀតដែលលោកបណ្ឌិត ទូច សុឃៈ យល់ឃើញថា មន្រ្តីក្នុងមូលដ្ឋានអាចជាទីប្រឹក្សាពិគ្រោះយោបល់ជូនពលរដ្ឋបាន។ បើតាមលោកបណ្ឌិត ទូច សុឃៈ ប្រសិនបើប្រជាពលរដ្ឋ និងមន្រ្តីទាំងនោះ មានទំនាក់ទំនងជាមួយគ្នាបានល្អ ចេះសួរនាំ ចេះផ្ដល់ព័ត៌មាន និងផ្ដល់គំនិតដល់គ្នាបានសកម្ម ការណ៍នេះនឹងជួយកាត់បន្ថយ ព្រមទាំងបញ្ចៀសបាននូវបញ្ហាផ្សេងៗដែលជារឿយៗបង្កការលំបាក ឬគ្រោះថ្នាក់ដល់ពលរដ្ឋ ជាក់ស្ដែង គ្រួសារមួយអាចនឹងមិនជួបគ្រោះត្រូវគេយកសមាជិកណាម្នាក់ទៅជួញដូរក្រោមលេសនាំទៅធ្វើការ ប្រសិនបើគាត់បានទទួលយោបល់ពីមេឃុំ ឬមេប៉ុស្តិ៍ ឬអ្នកចេះដឹងណាផ្សេងទៀត៕