អ្នកនាំពាក្យក្រសួងកសិកម្ម៖ ពេលនេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេល​មូរដៃ​អាវ​ធ្វើ​ការរួមគ្នាជំរុញឱ្យកសិករងាក​មក​ចាប់​យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជបរទេស

0

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការផ្សាយបំផុសបំផុល ញុះញង់របស់បណ្ដាញផ្សព្វផ្សាយវិទ្យុបរទេស ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ​ថា ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេល​មូរដៃ​អាវ​ធ្វើ​ការរួមគ្នាជំរុញឱ្យកសិករងាក​មក​ចាប់​យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​វៀតណាម​វិញ។

ឯកឧត្តមបានសរសេរថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែ​ជា​ពេល​មូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយ​ឱ្យ​ត្រូវ​ ជំរុញឱ្យកសិករយើងងាកមកចាប់យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​របស់​វៀតណាម​វិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយ​ដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនា​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​យល់ច្រឡំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់​ការ​បញ្ចូន​សារ​ដ៏មាន​សារៈសំខាន់​របស់​​ឯកឧត្តម​រដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»។

បើតាមឯកឧត្តមអ្នកនាំពាក្យ ការបកស្រាយ​ពន្យល់​ពី​ស្ថានភាព​ថ្លៃ​ស្រូវ​អូអឹម​មិន​មែន​ជា​ការ​ដោះសារ ឬ​ការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាព​ការណ៍​យ៉ាង​ជាក់​លាក់​នៃ​ទីផ្សារ​អង្ករលើសកលលោកពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​បងប្អូន​កសិករ​យើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀស​វាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា សាធារណៈជន ជាពិសេសពុក​ម៉ែប​ង​ប្អូន​កសិករ​ដែល​កំពុង​ដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាស​ទាំងមូល​ពី​ប្រភព​ផ្ទាល់​ឱ្យ​បាន​ដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់ឯកឧត្តរដ្ឋមន្ត្រី។ បើមិនបាន​ជួយ​អ្វី​ដោយ​ផ្ទាល់ដល់កសិករយើងទេយ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរ​ជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម»៕