ភ្នំពេញ៖ នៅក្នុងសំណុំរឿងក្មេងទំនើងគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹង ពេលនេះសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានទទួលចាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២ ៣២៤ ដែលមានជនសង្ស័យ ចំនួន ៣ ៦៥០ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី “លទ្ធផលរយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងយុត្ដិធម៌។
ឯកឧត្តម សេង ឌីណា បានគូសបញ្ជាក់ថា៖ «សម្រាប់ វិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការធានាឱ្យបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដោយយើងសង្កេតឃើញជារួមថា បច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងនៅសល់តិចតួចតែប៉ុណ្ណោះ»។ ឯកឧត្តមបានមានប្រសាសន៍ថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអំពាវនាវឱ្យឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំតាមដាន អប់រំ និងទូន្មាន ប្រៀនប្រដៅកូនៗឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ក៏បានអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ឬអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងការជាប់ទោសពីបទល្មើស ព្រហ្មទណ្ឌ៕