ក្រសួងទេសចរណ៍ពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងថ្នាំជក់ ដើម្បីបង្កើនគុណតម្លៃវិស័យទេសចរណ៍

0

ភ្នំពេញ៖ «សេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់​គ្រងមូលដ្ឋានអាជីវកម្ម​សេវាកម្មទេសចរណ៍» ត្រូវបានលើកយកមកដាក់ក្នុងសិក្ខាសាលា​មួយដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍កាលពី​ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ដល់អង្គ្គសិក្ខា​សាលាដែលចូលរួមដោយមន្រ្តីពាក់ព័ន្ធថា ក្រសួងទេសចរណ៍ កំពុងពង្រឹងការ​អនុវត្តបរិស្ថានគ្មានផ្សែងថ្នាំជក់ ដើម្បីបង្កើនគុណតម្លៃវិស័យទេសចរណ៍​ដែលគិតគូរដល់​សុខុមាលភាពសង្គម ក៏ដូចជាសហគមន៍ទាំងមូល។

ការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាការងារធំមួយត្រូវគិតគូរពីបញ្ហាចម្បងៗ​ជា​យុទ្ធសាស្ត្រ ។ប៉ុន្តែឯកឧត្តមរដ្ឋលេខាធិការ​បានទាញ​ការចាប់អារម្មណ៍​លើសពីនេះថា ចំណែកការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផល​ថ្នាំជក់នៅ​ក្នុងវិស័យ​ទេសចរណ៍ ក៏ជាការចូលរួមចំណែកតូចមួយក្នុងការការពារ​កិត្តិនាមគោលដៅទេសចរណ៍ ។ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានស្នើសុំរដ្ឋបាល​រាជធានី ខេត្ត មន្ទីរទេសចរណ៍ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ផ្សព្វផ្សាយ​ឱ្យបានទូលាយលើកិច្ចការផ្សែងបារីនេះ និងជួយជំរុញក្រុងនីមួយៗឱ្យក្លាយ​ជាទីក្រុងទេសចរណ៍​គ្មានផ្សែងបារី ដែលក្លាយជាគោលដៅទេសចរណ៍​ក្នុងជម្រើស ស្អាត បៃតង មានការលើកកម្ពស់សុខភាព របស់ភ្ញៀវទេសចរ​ទាំងក្នុងស្រុក និងបរទេស។ ស្របតាមពាក្យស្លោកថា “ម្នាក់ៗជាអ្នក​ផ្សព្វផ្សាយទសចរណ៍កម្ពុជាម្នាក់” និង “ទេសចរណ៍​ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីទេសចរណ៍”។

សូមជម្រាបជាមោទនកភាព កាលពី២០២២ក្រសួងទេសចរណ៍ បាន​ទទួលពាន «ទិវាពិភពលោកគ្មានថ្នាំជក់» ពីអង្គការ​សុខភាពពិភពលោក និងទទួលបានពាន «Tobacco Control champion Award» ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំ​ជក់អាស៊ី​អាគ្នេយ៍ (SEATCA) នៅឆ្នាំដើមឆ្នាំ២០២៤ អំពីការអនុវត្តសកម្មភាពបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។

កាលពីថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំមួយហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម​សេវាកម្ម​ទេសចរណ៍ទាំងអស់ រួមមាន​ភោជនីយ​ដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនឱ្យ​ផ្សាយ​ពាណិជ្ជកម្ម ឬដាក់តាំង​បង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផល​ថ្នាំជក់មាន​ជាអាទិ៍ ផ្ទាំងរូបភាព ខិត្តបណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់​ក្រដាស​អនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណនិងក្រៅបរិវេណទីតាំង​អាជីវកម្ម​សេវាកម្មទេសចរណ៍របស់​ខ្លួនឡើយ។

សេចក្តីណែនាំក៏បានហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្ម​ទេសចរណ៍ទាំងអស់ មិនឱ្យផ្ដល់ទីតាំង​មូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយ​នឹង​សកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាព​នោះរៀបចំដោយឧស្សាហកម្មថ្នាំ​ជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយ​និតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ។

មុននឹងមានសេចក្តីណែនាំនេះគេបានកត់សម្គាល់ឃើញ ម្ចាស់ ឬអ្នកគ្រប់គ្រង​មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍​មួយចំនួន ដែលកន្លងមកបានជួល ឬផ្តល់ទីតាំងរបស់ខ្លួន ឱ្យក្រុមហ៊ុនថ្នាំជក់ ឬអ្នកតំណាងរបស់ក្រុមហ៊ុនថ្នាំជក់ ធ្វើការផ្សាយពាណិជ្ជ​កម្មផលិតផលរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់​ស្តីពីកា​រត្រួតពិនិត្យផលិតផលថ្នាំជក់។ដូច្នេះ​សេចក្តីណែនាំនេះ គឺឆ្លើយតបទៅនឹង​សកម្មភាពខាងលើ។

ដោយឡែកលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភព​លោកកម្ពុជាបង្ហាញទឡ្ហីករណ៍ថា បច្ចុប្បន្ន ច្រើនជាង ៨លាននាក់ស្លាប់​ក្នុងមួយឆ្នាំលើពិភពលោកដោយសារថ្នាំជក់ ពោលគឺច្រើនជាងជំងឺរបេង មេរោគអេដស៍/ជំងឺអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា រួមទាំងមនុស្ស​ប្រមាណ ១៣,២លាននាក់ទៀតជាអ្នកស្រូបផ្សែងថ្នាំជក់ពីគេ។ លោក ដារ៉ាវុធ ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១៥ ០០០នាក់ ស្លាប់ជារៀងរាល់​ឆ្នាំដោយ​សារជំងឺនានាដែល​ទាក់ទងនឹងថ្នាំជក់។ ក្នុងនោះ ៣៣% នៃករណីស្លាប់​ទាំងនោះ កើតឡើងក្នុងចំណោមអ្នកដែលមាន​ប្រាក់ចំណូលទាប​បំផុត៕