ភ្នំពេញ៖ ក្នុងការបូកសរុបសំណុំរឿងអត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមានចំនួនសរុប ៥៧ ៥៨៤ សំណុំរឿង ក្នុងនោះចាត់ការរួចបាន៩៨.១០ ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១ ០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តម សេង ឌីណា បានលើកឡើងថា ការអនុវត្តនៃវិធានច្បាប់តឹងរឹងក្នុងសំណុំរឿងអាទិភាពទាំង៤ដែលក្នុងនោះទី១សំណុំរឿងអត្រានុកូលដ្ឋាន ដែលមានក្នុងមុនពេលប្រកាស បើកយុទ្ធនាការនេះ គឺមានចំនួន ៤៩ ៩៨៣ សំណុំរឿង គឺត្រូវបានដោះស្រាយចប់សព្វគ្រប់១០០ភាគរយ តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅម៉្លេះ។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មីក្រោយការប្រកាសចេញនៃការដាក់ចេញនៃយុទ្ធនាការទាំងពីរកន្លងមកមានចំនួន ៥២ ៦០១ សំណុំរឿង ត្រូវបានដោះស្រាយចប់សព្វគ្រប់បានចំនួន ៥១ ៥០៨ សំណុំរឿង គឺអត្រានៃការចាត់ការមានរហូតដល់ទៅ៩៧,៩២ភាគរយទូទាំងប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា៖ «ចំណាត់នៅក្នុងសំណុំរឿងអត្រានុកូលដ្ឋាននេះ យើងគណៈបញ្ជាការដឹកនាំយុទ្ធនាការជារួមបានសង្កេតឃើញជារួមថា ចំណាត់ការរបស់តុលាការ គឺលឿន ហើយត្រឹមត្រូវ នៅពេលដែលសង្កេតទៅយើងឃើញថា ចំណាត់ការបានលឿន បានត្រឹមត្រូវ ប្រជាពលរដ្ឋលោកតែងតែបានស្វាគមន៍ហើយ ចេញមកថ្លែងអំណរគុណ មានការចុះផ្សាយជាបន្ដបន្ទាប់តាមបណ្ដាញសង្គម ជាពិសេសតាម ហ្វេសប៊ុក»។
ជាមួយគ្នានេះ ឯកឧត្តម សេង ឌីណា បានថ្លែងបន្ថែមថា នៅពេលដែលចំណាត់ការលឿនឆាប់រហ័ស ត្រឹមត្រូវប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ដទៅលើតុលាការក្នុងការដោះ ស្រាយសំណុំរឿងអត្រានុកូលដ្ឋាន ពេលខ្លះប្រជាពលរដ្ឋមានជំរើសរវាងការដាក់ពាក្យសុំ កែអត្រានុកូលដ្ឋានទៅសមត្ថកិច្ច និងដាក់ពាក្យទៅតុលាការប្រជាពលរដ្ឋនាំគ្នាដាក់ទៅតុលាការ ទើបសំណុំរឿងមានកាន់តែច្រើន។ ឯកឧត្តមបានបន្ថែមទៀតថា៖ «ហេតុនេះថ្នាក់ដឹកនាំយុទ្ធនាការយល់ឃើញថាបើប្រជាពលរដ្ឋទុក ចិត្តតុលាកាស្នើសុំឱ្យកែលិខិតអត្រានុកូលដ្ឋាននៅតុលាការគឺយើងនឹងដោះស្រាយជូនប្រជាពលរដ្ឋ យើងខិតខំបន្តយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ និងលឿនបន្តទៀតដល់ពួកគាត់»៕