បង្ក្រាបករណីឃាតកម្មនៅក្រុងព្រះសីហនុ ហើយតាមចាប់ជនដៃដល់នៅខេត្តសៀមរាប

0

ព្រះសីហនុ៖ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១៖៣០​នាទី​រំលង​អធ្រាត្រ​មាន​ករណី​មនុស្ស​ស្លាប់ នៅ​ចំណុច​ផ្ទះសំណាក់ សុ​វ​ណ្ណា​រី​សត ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ពន្លឺ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កម្មករ​ផ្ទះសំណាក់​ខាងលើ​។ ជន​រង​គ្រោះ​មានឈ្មោះ ថ្លាង ម៉េ​ង​លី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​មេការ​នៅផ្ទះ​សំណាក់​ខាងលើ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ​។

លុះ​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣ និង​៣៥​នាទី កម្លាំង​ជំនាញ​បន្ត​ដឹកនាំ​សហការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ មានឈ្មោះ លុន ភាព​ន្លឺ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ផ្ទះសំណាក់ ប៊ុ​ន​សាយ មណ្ឌល​៣ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​កើតហេតុ​ខ្លួន និង​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា ពី​បញ្ហា​រឿង​រៀបចំ​ការងារ​ក្នុងផ្ទះ​សំណាក់ បន្ទាប់​មក​ពេល​ដែល​ជន​រង​គ្រោះ​បែរខ្នង​ចេញ ខ្លួន​ក៏​បាន​ទាញ​ញញួរ​វាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ជា​ម្ចាស់​ករណី កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត​៕