អាជ្ញាធរខេត្តមណ្ឌលគិរី លែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋ និងអាចទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្ត

0

មណ្ឌលគិរី៖ ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ស្ថិតនៅភូមិឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំលែងកូនត្រី ចូលក្នុងទំនប់អូរតេធិបតីនាពេលនេះ ដើម្បីធ្វើយ៉ាងណា បង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចស្ទួចត្រីកម្សាន្តសប្បាយ ជាពិសេស ទំនប់អូរតេធិបតីនេះ អាចជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំ ហើយជាតំបន់អាចទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្ត។

ឯកឧត្តម បញ្ជាក់ថា ការថែរក្សា ការពារ អភិរក្ស និងទប់ស្កាត់ បទល្មើសជលផលជាភារកិច្ចរួម ដែលត្រូវទាមទារកិច្ចសហការគាំទ្រជិតស្និតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឯកឧត្តម ជំរុញដល់អាជ្ញាធរ ដែនដីគ្រប់ថ្នាក់ សូមជួយណែនាំអប់រំ ឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភេទឧបករណ៍នេសាទស្របច្បាប់ និងចូលរួម ក្នុងសកម្មភាពទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់។ ម្យ៉ាងទៀត ត្រូវលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត បានរៀបចំប្រារព្វពិធីលែងកូនត្រីពូជឆ្ពិន ត្រីប្រា ត្រីកាហែ ត្រីច្រកែង ត្រីគ្រំ និងត្រីរៀល សរុបចំនួន ២៧ ០០០កូន ចូលក្នុងទំនប់អូរតធិបតី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក បញ្ជាក់ថា ទំនប់អូរតធិបតីនេះ មានសមត្ថភាពស្តុកទឹកចំនួន ១២លានម៉ែត្រគូប មានអត្ថប្រយោជន៍សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំផងដែរ៕