អ្នកនាំពាក្យ៖ ៩ខែទៀត យើងនឹងបានឆ្លងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

0

ក្រចេះ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៥​នេះថា ​៩ខែទៀត យើងនឹងបានឆ្លងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គិតត្រឹម​ដើមខែមករា ឆ្នាំ២០២៥នេះ គម្រោង​សាង​សង់​ស្ពានឆ្លងកាត់ទន្លេ​មេគង្គខេត្ត​ក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈដែលគម្រោង​ទាំងមូលរួមមាន៖ គម្រោង​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាង​កើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែង​មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៥៥,២៧​ភាគរយ។

ឯកឧត្តម ផន រឹម បញ្ជាក់បន្ថែមថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេ​មេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់បណ្តោះ​អាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់​​សម្រាប់​ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាង​ប្រជាពលរដ្ឋដែល​រស់នៅ​ត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅ​ត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាល​នៅភូមិភាគឦសាន មកកាន់ទីប្រជំជន។ឯកឧត្តម ផន រឹម បញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នា​ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាង​លិចតភ្ជាប់ផ្លូវ​ជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់​តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅ​កាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាង​កើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅ​កាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕