អភិបាលខេត្តស្ទឹងត្រែង បំភ្លឺដល់ប្រជាពលរដ្ឋករណីស្នើសុំចុះបញ្ជីដី ចំនួន ៤២ក្បាលដី ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី

0

ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានជួបជាមួយប្រជាពលរដ្ឋ ចំនួន ៣២គ្រួសារ រស់នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺពីករណីស្នើសុំចុះបញ្ជីដី ចំនួន ៤២ក្បាលដី។

ជំនួបនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមសំណាក់ប្រជាពលរដ្ឋ៣២គ្រួសារ អាជ្ញាធរសង្កាត់ស្រះឬស្សី នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធចំនួនទៀត ដែលមានគោលបំណងដោះស្រាយនូវបញ្ហាដីរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលយូឆ្នាំមកហើយ និងបានចុះវាស់វែងរួចរាល់ ប៉ុន្តែពុំទាន់អាចចេញជាប័ណ្ណកម្មសិទ្ធិកាន់កាប់ដោយស្របច្បាប់។

នាឱកាសនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដីដែលបងប្អូនស្នើសុំចុះបញ្ជីដី ចំនួន ៤២ក្បាលដីនេះ ជាដីដែលស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ របស់ក្រសួងកសិកម្ម ដែលមានភាពស្មុគស្មាញ ហើយអាជ្ញាធរបានគិតគូណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដើម្បីបានចេញជាដីកម្មសិទ្ធ ប្រសិនអាជ្ញាធរខេត្ត ក្រុង និងសង្កាត់មិនគិតគូពីបងប្អូនប្រជាពលរដ្ឋម្លេះ មន្ត្រីជំនាញមិនចុះវាស់វែងឲ្យប្អូនឡើយ។

ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា ការចុះវាស់ដីជូនបងប្អូនប្រជាពលរដ្ឋជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែអ្វីដែលចង់បញ្ជាក់គឺថាដីទាំងនេះបានស្ថិតនៅក្នុងគម្របព្រៃឈើ២០០២ ។ ក្រោយពីមានបញ្ហានេះកើតឡើងកន្លងមក អភិបាលខេត្តមុនៗ ក៏ធ្លាប់បានដាក់លិខិតស្នើសុំធ្វើអនុប្រយោគក្បាលដីទាំងអស់នេះមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយនិងធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ។ ឯកឧត្តម ថា ករណីបញ្ហានេះគឺផុតពីការសម្រេចរបស់ខេត្ត ហើយមិនមាសិទ្ធិសម្រេចក្នងការចេញប័ណ្ណកម្មសិទ្ធិទេដោយស្ថិតក្នុងបញ្ជីអចលនទ្រព្យក្រសួងកសិកម្ម។

ជាមួយគ្នានេះដែរលោក គឹម ពិសិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្បាលដីរបស់បងប្អូនស្ថិតក្នុងភូមិស្រែពោធិ៍ដែលជាប់ក្នុងគម្របព្រៃឈើនេះ ក្បាលដីខ្លះជាប់មួយផ្នែក ក្បាលដីខ្លះជាប់ទាំងមូលតែម្តង ហើយរដ្ឋបាលខេត្ត ក៏បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលចំនួន ២ដងមកហើយដែរ លើកទី១ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយកិច្ចការងារគឺខេត្តបានគិតគូចំពោះប្រជាពលរដ្ឋណាស់។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបកស្រាយទៅកាន់ប្រជាពលរដ្ឋថា បញ្ហាដីជាប់គម្របព្រៃឈើនេះមិនកើតមានតែបងប្អូនប្រជាពលរដ្ឋ ៣២ គ្រួសារនេះទេ ប៉ុន្តែជាបញ្ហាកើតមាននៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ លោកថា កាលពីជាង២៣ឆ្នាំមុន ខេត្តស្ទឹងត្រែង ជាខេត្តដែលគ្របដណ្តប់ទៅដោយព្រៃឈើ៩០% អញ្ចឹងរាជរដ្ឋាភិបាល មានក្រសួងកសិកម្ម និងរដ្ឋបាលព្រៃឈើ បានធ្វើផែនដីព្រៃអញ្ចឹងហើយ ទើបដីបងប្អូនជាប់គម្របព្រៃ។ ក្នុងនោះ លោក ទុំ នីរ៉ូ បានលើកបន្ថែមថា ខេត្ត បានអនុវត្តទៅតាមនីតិវិធីហើយ និងស្នើឲ្យបងប្អូនមានការរង់ចាំព្រោះការងារទាំងអស់នេះ ត្រូវការពេលវេលា៕