នគរបាល ខេត្ត បាត់ដំបង ចុះបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

0

បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការចូលរួមពីលោកព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក រដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ និងមន្ទីរបរិស្ថាន ប្រើប្រាស់កាណូតស្មាច់១៦គ្រឿងចុះធ្វើការពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត បាត់ដំបង បាន ឱ្យ ដឹង ថា ក្នុងប្រតិបត្តិការដែលធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរ មន្រ្តីជំនាញ និងកម្លាំងបានធ្វើការអប់រំប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹងដែលមានដាក់បរណរ៉ាវ និងស្បៃមុងបិទអូរ ព្រែកឱ្យធ្វើការរុះរើរចេញហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើរដោយស្ម័គ្រចិត្ត។

ជាមួយគ្នានោះក្រុមការងារ បានបង្ក្រាប និងកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹងនូវសាច់ម៉ងប្រវែង ១៦៥០ម៉ែត្រ,ឡុកចំនួន៥គ្រឿង,បង្គោលចំនួន ៧០០ដើម,លូស្បៃមុងចំនួន៨និងលែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម។

ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញនិងដុតចោលនៅនឹងកន្លែង។

សូមរំលឹកថា នៅក្នុងរដូវទឹកសម្រកនេះកម្លាំងនគរបាល សហការជាមួយភាគីពាក់ព័ន្ធបានធ្វើការចុះបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម៕