យានយន្តល្មើសបើកបរក្រោមឥទិ្ធពលជាតិស្រវឹងចំនួន ៩គ្រឿង ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

0

ភ្នំពេញ ៖ យានយន្ត​ល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ចំនួន ៩​គ្រឿង ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើការ​ឃាត់​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ ដើម្បី​ធ្វើការ​ផាកពិន័យ​អនុវត្ត​តាម​ច្បាប់​។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ចុះ​ដាក់​គោលដៅ​រឹត​បណ្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​នៅ​វេលា​ម៉ោង​២៣ និង​០០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ ដល់​ម៉ោង​០២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​ប្រាយ​ឡាញ លើ​បណ្តោយ​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​មាន​កម្លាំង​ចូលរួម​សរុប​ចំនួន ៤០​នាក់ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ចំនួន ១៩​នាក់ និង​កម្លាំង​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ២១​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ចាន់ គ្រឹ​ស្នា ស្នងការ​រង និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ និង​ចុះ​អនុវត្ត​ដឹកនាំ​ដោយ​ផ្ទាល់​លោក​វរសេនីយ៍ទោ អែ​ល សំណាង នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក លោក​វរសេនីយ៍ទោ អ៊ូច សុខ​ដូ​រ៉ា លោក​វរ​សេនី យ៍​ទោ ស៊ិ​ន កុសល ជា​អធិការរង​ខណ្ឌដង្កោ ។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា ៖ លទ្ធផល នៃ​កិច្ច​សហប្រតិបត្តិការ​យានយន្ត​ឆ្លងកាត់​គោលដៅ​មាន​ចំនួន ៩៧​គ្រឿង ក្នុង​នោះ​យានយន្ត​ល្មើស​ជាតិ​ស្រវឹង ០៩​គ្រឿង (​រថយន្ត​ចំនួន ៣​គ្រឿង និង​ម៉ូតូ​ចំនួន ៦​គ្រឿង​) ល្មើស​ជាតិ​អាកុល​កម្រិត​០.៤០mg/L​ឡើង ។

របាយការណ៍​ខណ្ឌដង្កោ​ក៏​បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ៖ យានយន្ត​ចំនួន ៩​គ្រឿង​នេះ ត្រូវ​បាន​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ចូលខ្លួន​ដោះស្រាយ និង​បង់​ផាកពិន័យ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ដង្កោ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ជាមួយនឹង​ក្រុម​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជាតិ​ស្រវឹង​នៅ​តាម​បណ្តា​គោលដៅ​ប្រយោជន៍​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕