ករណីបង្រ្កាបក្រុមក្មេងទំនើងប្រើពូថៅ និងដែកបន្ទះវាយកាប់ទៅលើជនរងគ្រោះ

0

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៣​និង​២៦​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​រង្វង់​មូល​ព្រះថោង ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ក្មេង​ទំនើង ១​ក្រុម មាន​គ្នា​០៩​នាក់ ជិះ​ម៉ូតូ​១​គ្រឿង និង​បេ​ី​ក​រថយន្ដ​១​គ្រឿង​បាន​វាយ និង​កាប់​លើ​ក្រុម​ជន​រង​គ្រោះ​ចំនួន ៥​នាក់ ម៉ូតូ​២​គ្រឿង បណ្តាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់​(​ស្រាល​) និង​ខូច​ម៉ូតូ​១​គ្រឿង រួច​ក៏​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៦​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ។ ជនសង្ស័យ​មានឈ្មោះ ៖

១-​ឈ្មោះ ហម ភៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។
២-​ឈ្មោះ នាយ វី​ថៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។
៣-​ឈ្មោះ នី វុ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។
៤-​ឈ្មោះ ធុ យុ​ទ្ធី​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជាងភ្លើង​(​កាន់​ដែក​បន្ទះ​) ។
៥-​ឈ្មោះ ហម នៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាងភ្លើង​(​កាន់​ពូថៅ​) ។
៦-​ឈ្មោះ ផា ម៉ា​ប់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ ជាងភ្លើង​(​អ្នក​បើករថយន្ត​) ។
ដោយឡែក​ឈ្មោះ ហុ​ី​ង ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ មុខរបរ​ជាងភ្លើង និង​០២​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន ។

ជនសង្ស័យ​ទាំង​០៩​នាក់​ខាងលើ ស្នាក់​នៅ ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖
-​ពូថៅ​ចំនួន​០១​ដើម
-​ដែក​បន្ទះ​ចំនួន​០៥​បន្ទះ
-​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង
-​ម៉ូតូ​១​គ្រឿង
-​រថយន្ត​០១​គ្រឿង ។

មូលហេតុ ៖ ផ្ដើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​ចំណុច​ជិត​កាហ្វេ​ប្រោ​ន សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ រួច​ជនសង្ស័យ​ក៍​ជិះ​រត់គេច ហើយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​សុំ​សម្រួល តែ​ជនសង្ស័យ ក៍​ទូរស័ព្ទ​ហៅ​បក្ខពួក​ខ្លួន​មក ដោយ​ប្រាប់​ថា​មាន​គេ​ជិះ​ម៉ូតូ​ដេញ​វាយ​នៅ​ចំណុច​ព្រះថោង ពេល​នោះ​ក្រុម​បក្ខពួក​ជនសង្ស័យ​ក៍​នាំ​គ្នា​ជិះ​រថយន្ត​ស្ទួ​ចម​ក​បុក​ជន​រង​គ្រោះ​ពីក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​កាប់​ម៉ូតូ របស់​ជន​រង​គ្រោះ​ខ្ទិច​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​ស្នងការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច កំពុង​បន្ត​ស្វែងរក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន ៕