ភ្នំពេញ៖ យោងតាមទិន្នន័យនៃការប្រើប្រាស់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យានយន្តប្រើប្រាស់ផ្លូវ ចំនួន ២១ ៥៨៧គ្រឿង និងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣ករណី (គ្មានអ្នកស្លាប់ និងរបួសទេ)។ សម្រាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មានយានយន្តប្រើប្រាស់ផ្លូវមានចំនួន ២៨ ៥០២គ្រឿង និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លាប់ទេ។ ទោះបីជាមានចរាចរណ៍ច្រើន ខុសពីថ្ងៃធម្មតាយ៉ាងនេះក្តី តែប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ។
ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃ០១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋ កាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រ រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់។ ដោយឡែកទីកម្សាន្តមួយចំនួនទៀតក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា៖ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន៕