ព្រះសីហនុ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។
លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។
សូមបញ្ជាក់ផងដែរថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។ វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ៕