ឃាត់ខ្លួនជនសង្ស័យ៦នាក់ ​ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

0

សៀមរាប ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​សំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប ស្តី​ពី​ការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលា​ម៉ោង ២៣​និង​៣០​នាទី នៅ​ចំណុច​សួន​រ៉ោ​ក​រ៉ា​ក ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មាន​ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ជនសង្ស័យ​ទាំង ០៦​នាក់ និង​បក្ខពួក បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ដុះ មក​រា ហៅ រ៉ា ភេទ ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តានី សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប ចំ​ពីលើ​ខ្នង តែ​មិន​មុត​គ្រាន់តែ​មាន​ស្នាម​ដាច់​រលាត់​បន្តិច និង កាប់​លើ​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ សៅ វិសាល ភេទ ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តានី សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប បណ្ដាល​អោយ​ដាច់​កំបាំង​ភក់​ខាងក្រោយ​ជាប់​ជាមួយ​ស្លាក​លេខ បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​យក​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​កង​រាជ​អា​ហត្ថ​ខេត្តសៀមរាប ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦​នាក់​៖

១.​ឈ្មោះ សូវ សុរក្សា ហៅ ស៊ុ​យ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
២.​ឈ្មោះ ដឿ​ម ឌី​ណា ភេទ ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។
៣.​ឈ្មោះ តឿ​ង សុ​ខេ​ង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
៤.​ឈ្មោះ ស៊ី​រ៉ា ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
៥.​ឈ្មោះ ឈឿ​ត ឆាត ហៅ ឆើត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ លក់​កាហ្វេ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។
៦-​ឈ្មោះ ផ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​ម្ចាស់​កាំបិត​ខ្វែវ​) ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ០៦​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា​៖ ពួក​ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ និង កាប់​យក​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​កាំបិត​ខ្វែវ​ដែល​ធ្វើ​សកម្មភាព​នេះ គឺ​ពួក​ខ្លួន​ដាក់​ជាប់​និង​ម៉ូតូ​ស្រាប់ ចំពោះ​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ គឺ​បក្ខពួក​ខ្លួន ឈ្មោះ ផល​ចាន់ បូ​រ៉ា​រិ​ន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​(​គ្មាន​) រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​សៀមរាប ជា​អ្នកកា​ប់យក​ស្លាក​លេខ ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​គេចខ្លួន​បាត់ ។ ដោយ​មូលហេតុ​៖ បណ្តាល​មក​ពី​ក្រុម​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​យក​ដុំ​ថ្ម គប់​មក​លើ​ពួក​ខ្លួន ហើយ​ថែម​ទាំង​ស្រែក​ប្រមាថរ​កកាប់​ពួក​ខ្លួន​មុន ។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ កាំបិត​ខ្វែវ​ចំនួន ០១ និង ដុំ​ថ្ម ០១​ដុំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ៕