ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១០រោច ខមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រីកវិសាលភាពនៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដល់នគរបាលជានារី នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ក្រោមកិច្ចដឹកនាំសម្របសម្រួលរបស់លោកអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាលើសេចក្តីព្រាង នៃប្រកាសអន្តរក្រសួង ស្តីពីការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដើម្បីដាក់ជូនថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធពិនិត្យ និងសម្រេច។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: រួមទាំងមន្ត្រីជំនាញនៃ ប.ស.ស និង អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំង អ្នកពាក់ព័ន្ធចូលរួមសរុបទាំងអស់មានចំនួនប្រមាណ ២០រូប៕