បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មវាយសម្លាប់មនុស្សម្នាក់

0

ស្វាយរៀង៖ កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៨:៣០​នាទី ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ពី​អាជ្ញាធរ​ភូមិ​ថា​មាន​ករណី​មនុស្ស​លង់ទឹក​ប្រឡាយ​ស្លាប់ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង រួច​មក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹក​ដោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​ក្រុម​គ្រូពេទ្យ ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ ឈ្មោះ ឡ​.​រ​.​ន ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​មនុស្ស​គរ នៅ​ទីតាំង​កើតហេតុ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​មក ក្រុមការងារ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ទាំង​០៨ ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ០១​នាក់ ឈ្មោះ ប​.​ស​.​រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ត្រង់​ចំណុច​ភូមិ​អា​រ័ក្ស​ស្វាយ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ព្រមទាំង​ដកហូត​÷ ម៉ូតូ ០១​គ្រឿង​, ទូរស័ព្ទ​ដៃ ០១​គ្រឿង​, ប្រាក់​រៀល ៧,១០០,០០០​រៀល និង​ដំបង ០២​ដើម​។

នៅ​ចំពោះ​មុខ​កម្លាំង​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដំបង​វាយ​លើ​ជន​រង​គ្រោះ បណ្តាល​អោយ​ស្លាប់ និង​ទម្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕