សមត្ថកិច្ចបំភ្លឺរឿងបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ លួច Memory ក្នុងរថយន្តរបស់ខ្លួន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​របស់​បុរស​ម្នាក់ ដែល​បើករថយន្ត​Lexus 350 ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BT-9357 ដែល​ប្រើប្រាស់​ផ្លា​ក​លេខ​មិន​ប្រក្រតី​ត្រូវ​សមត្ថកិច្ច​ផាកពិន័យ​តាម​ច្បាប់​1​លាន​20​ម៉ឺន​រៀល​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​គោលដៅ​ស្ពាន​អាកាស​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​នៅ​ថ្ងៃនេះ​ក៏​បាន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ចោទប្រកាន់​ទៅ​លើ​សមត្ថកិច្ច​ចរាចរណ៍​ឈរ​គោលដៅ​ដដែល​នេះ​ថា​បាន​លួច Memory របស់​ខ្លួន​នៅ​ក្នុង​រថយន្ត​។ ជុំវិញ​ការ​ចោទប្រកាន់​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​ចរាចរណ៍ និង​លោកនាយ​ការិយាល័យ​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​ស្ពាន​អាកាស​ចោម​ចៅ ចំនួន​០៣​នាក់ មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក យក​មក​សួរនាំ​បំភ្លឺ​ដើម្បី​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​ឯកឧត្តម អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​សម្រេច ដោយឡែក​បុរស​ម្ចាស់​រថយន្ត Lexus 350 ក៏​ត្រូវ​សមត្ថកិច្ច​គ្រោង​នឹង​អញ្ជើញ​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ចរាចរណ៍​បាន​លួច Memory ក្នុង​រថយន្ត​ខ្លួន​ដើម្បី​មក​បំភ្លឺ ។​

​ជុំវិញ​បុរស​ម្ចាស់​រថយន្ត Lexus 350 ខាងលើ​គឺ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​រាយការណ៍​ពី​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​បុរស​នេះ​ធ្លាប់​មាន​បង្ក​បញ្ហា​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​បន្តបន្ទាប់​មក​ហើយ ដូច​ជា​នៅ​ខណ្ឌដង្កោ​០១​លើក បើកបរ​រថយន្ត​និយាយ​ទូរស័ព្ទ សមត្ថកិច្ច​ឃាត់​អប់រំ​នៅ​ពេល​នោះ​បាន​ថត​បង្ហោះ​សមត្ថកិច្ច​និង​បបួល​សមត្ថកិច្ច​អុជ​ធូប​ស្បថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​លើក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ថត​បង្ហោះ​ជេរ​ប្រមាថ​សមត្ថកិច្ច និង​ខណ្ឌ​ច្បារ​អំពៅ ០១​លើក ជិះ​ម៉ូតូ​មិន​ពាក់មួក​ល្មើស​សញ្ញា​ចរាចរណ៍ ហើយ​បាន​ថត​បង្ហោះ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​។ ដោយឡែក​ចំពោះ​ការ​ឃាត់​និង​ផាកពិន័យ​តាម​ផ្លូវច្បាប់​ប្រើប្រាស់​រថយន្ត​ផ្លា​ក​លេខ​មិន​ប្រក្រតី​នៅ​គោលដៅ​ស្ពាន​អាកាស​ចោម​ចៅ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​គោលការណ៍​ថ្នាក់លើ​ខណៈ​បុរស​នេះ​បើកបរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ពេល​បើកបរ ដោយនៅ​ពេល​នោះ​ក៏​បាន​ធ្វើ​សកម្មភាព ប្រើ​ពាក្យ​សម្តី និង​អាកប្បកិរិយា​មិន​សមរម្យ​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ផង​ដែរ​៕