សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់

0

ក្រចេះ៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖១០​នាទី នៅ​ចំណុច​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ក្មេង​ទំនើង​កាប់​គ្នា បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ឈ្មោះ ឌួ​ង ឡង់​ឌី (​ហៅ​ភួង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ សឿ​ន មិថុនា (​ហៅ​ខ្មៅ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃឿ​ន អឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​រត់គេច​ខ្លួន ដោយ​បន្សល់​ទុក​វត្ថុ​តាង​រួម​មាន ដាវ​ចំនួន​០១​ដើម​, កាំបិត​ផ្គាក់​ចំនួន​០១​ដើម និង​ដំបង​ឈើ​ចំនួន​០១​ដើម​។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​។

នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១៖៣០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ​ខ្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រួម​មាន​៖
*​ទី​១៖ ឈ្មោះ ឌួ​ង ឡង់​ឌី (​ហៅ​ភួង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ
*​ទី​២៖ ឈ្មោះ សឿ​ន មិថុនា (​ហៅ​ខ្មៅ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖១០​នាទី ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ឃឿ​ន អឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ប្រាកដ​មែន​។ មូលហេតុ​ដោយសារ​តែ​កន្លង​មក​ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព​កាប់​មក​លើ​ពួក​ខ្លួន ទើប​ពួក​ខ្លួន​មានការ​គុំ​គួ​ន រហូត​ដល់​មាន​ករណី​ខាងលើ​កើតឡើង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត​៕