សិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចគាំពារជនរងគ្រោះ

0

ភ្នំពេញ៖ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ កុមារតាមប្រព័ន្ធអនឡាញ និងកិច្ចគាំពារជនរងគ្រោះ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការសកម្មភាពដើម្បីកុមារ (APLE) នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ លើកកម្ពស់ និងពិនិត្យមើលឡើងវិញនូវ គោលនយោបាយ គោលការណ៍ណែនាំ គំនិតផ្តួចផ្តើមនានា នៃផែនការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិដើម្បីកុមារ (២០២១-២០២៥) និងផែនការយុទ្ធសាស្រ្តជាតិ ៥ឆ្នាំ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨)។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូរ សរុប ៤០រូប៕