សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និង បណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសលកវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សឱ្យកាន់តែខ្ពស់ដូចដែលបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាការពិតគ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះ លក្ខណៈសមស្របដល់យុវជនគ្រប់ៗជំនាន់ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងយុគនៃការកសាងកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះ ដឹង ជាពិសេសត្រូវបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្រាប់ស្ថាប័នរដ្ឋ និងឯក ជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្របតាមចក្ខុវិស័យកម្ពុជា២០៥០។

ក្នុងន័យ នេះសម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងឱ្យតម្លៃខ្ពស់ ដោយផ្តល់អាទិ៍ភាពដល់វិស័យអប់រំ ដែលជាអ្នកដើរតួនាទីស្នូលនៅក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និងការអប់អប់រំអត្តចរិកឱ្យក្លាយជាពលរដ្ឋល្អដែលជាមូលដ្ឋានគ្រឺះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌ អរិយធម៌ កិត្តិយស កិត្យានុភាព និងមោទនភាពជាតិ ដោយសម្តេចបានបន្ថែមថា ជាក់ស្តែងដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តអនុវត្តនូវយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកកោណទី១ ជាការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្ត្រអាទិ៍ភាព ជាពិសេសការពង្រឹងគុណភាពនៃវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ការបណ្តុះបបណ្តាលជំនាញបច្ចេកទេសប្រកបដោយសីលធម៌ និងសមធម៌នៅតាមគ្រឹះស្ថានសិក្សាគ្រប់ កម្រិតទាំងអស់ ទាំងរដ្ឋ ទាំងឯកជន ដែលផ្តោតលើចំណេះដឹង បទពិសោធន៍ ជំនាញបច្ចេកទេស ជំនាញ វិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព ការច្នៃប្រឌិត គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕