សមត្ថកិច្ចបានអប់រំ និងធ្វើកិច្ចសន្យាចំពោះសិស្ស ៦នាក់បានវាយគ្នានៅឮវិទ្យាល័យទួលអំពិលបណ្តាលឲ្យសិស្សម្នាក់រងរបួសស្រាល

0

ភ្នំពេញ៖ បន្ទាប់​ពី​កើត​មាន​ករណី​សិស្ស​វិទ្យាល័យ​ទួល​អំពិល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មានការ​វា​យ​តប់​គ្នា​នៅ​ក្នុង​សាលា​ហើយ​រូបភាព​នេះ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​សិស្ស​បង្ក​ចំនួន​០៦​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ឃា​.​ត់​នាំ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ នា​ព្រឹក​ថ្ងៃ​ទី​២៥​ខែធ្នូ​ឆ្នាំ​២០២៤ ។​បន្ទាប់​ពី​សមត្ថកិច្ច​បាន​សួរនាំ​សិស្ស​បង្ក​ទាំងនោះ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ​ប្រចាំ​ថ្នាក់ និង​អាណាព្យាបាល​សិស្ស​ទាំង​សងខាង ខណៈនោះ​អាណាព្យាបាល​ទាំង​សងខាង​ក៏​ដូច​លោកគ្រូ​អ្នកគ្រូ ក៏​បាន​សំណូម​ក​ពរ​សមត្ថកិច្ច​ឲ្យ​មានការ​សម្របសម្រួល​គ្នា​សុំ​មិន​ធ្វើការ​ប្តឹងផ្តល់​គ្នា​នោះ​ទេ​ដោយ​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ពួក​គេ​ដោយសារ​ការ​វាយ​គ្នា​នោះ​ជា​រឿង​ទំនាស់​យល់​ច្រឡំ​គ្នា ហើយ​សិស្ស​រង​គ្រោះ​ទទួល​រង​របួសស្រាល ពួក​គេ​ក៏​បាន​ទទួលស្គាល់​កំហុស និង​ក៏​មានការ​សុំ​ទោស​ពី​អាណាព្យាបាល​សិស្ស​បង្ក​ចំពោះ​អាណាព្យាបាល​សិស្ស​រង​គ្រោះ ហើយ​អាណាព្យាបាល​មានការ​យោគយល់​គ្នា ។​

ដោយ​យោង​ការ​សំណូមពរ​ខាងលើ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ពួក​គេ​មិនមែន​ជា​មុខសញ្ញា​ក្រុម​ក្មេង​ទំ​​នើ​​ង​។ លោក​អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​សុំ​គោលការណ៍​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ផាត់ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​អនុញ្ញាត​ឲ្យ​មានការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ពួក​គេ​ទាំង​០៦​នាក់​ដែល​មានការ​ធានា​ពី​អាណាព្យាបាល ដើម្បី​យក​ពួក​គេ​យក​ទៅ​អប់រំ​បន្ត​ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕