ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ជាទិសដៅចាប់ពីឆ្នាំ២០២៥ ទៅមុខទៀត ក្រសួងព័ត៌មាន រួមជាមួយសមាគមសារព័ត៌មានទាំងអស់ នឹងបន្តខិតខំពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ហើយផ្តល់នូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ ធានាសិទ្ធិទទួលព័ត៌មាន គុណភាពអត្ថបទសារព័ត៌មាន ដើម្បីធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់មានសុវត្ថិភាពព័ត៌មាន។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំលទ្ធផលកិច្ចសហការការងាររវាងក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២៤ នាព្រឹកថ្លៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះតូនាទីរបស់សមាគមសារព័ត៌មាននានា ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងព័ត៌មានក្នុងពេលកន្លងមក ដើម្បីធ្វើការពង្រឹងសណ្តាប់លើវិស័យព័ត៌មាននៅកម្ពុជាបានល្អ ហើយបន្តធ្វើអោយសារព័ត៌មានបានរីកចម្រើនប្រកបដោយគុណភាព និងធំធាត់ប្រកបដោយជំនឿទុកចិត្ត។ ឯកឧត្ដមបានសម្ដែងនូវមោទនភាពដោយបានស្តាប់នូវមតិយោបល់របស់មន្ត្រី និងបងប្អូនប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាន អនឡាញ ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហាក់ដូចជាមានសណ្តាប់ធ្នាប់ល្អបន្តិច ទោះបីមិនទាន់ឥតខ្ចោះក៏ដោយ តែនេះក៏ជាការបង្ហាញនូវភាពជោគជ័យរបស់សមាគមអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន ដែលតែងតែជួបប្រជុំគ្នា ៣ខែម្តង ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាន មានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ការណ៍ដែលសារព័ត៌មានកាន់តែមានសណ្តាប់ធ្នាប់ល្អ ដោយសារអ្នកសារព័ត៌មានជាច្រើន ពិសេសអ្នកសារព័ត៌មានអនឡាញ បានទទួលការបណ្តុះបណ្តាលពង្រឹងវិជ្ជាជិវៈជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន និងបណ្តាសមាគមសារព័ត៌មាននានាដែលតែងតែបានបើកវគ្គបណ្តុះបណ្តាលផ្តល់ការយល់ដឹងបន្ថែមទៀតអំពីច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្ដមបន្ដថា ចុងក្រោយនេះបានរួមគ្នាធ្វើ “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន“ មួយដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ ដែលទាំងអស់គ្នាជាអ្នកសារព័ត៌មាន បានតម្កល់ជាផលប្រយោជន៍រួមមួយសម្រាប់អនុវត្តន៍ជាមូលដ្ឋានតែមួយ
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភដោយសារ ក្នុងពេលបច្ចុប្បន្ននេះកំណើនអ្នកសារព័ត៌មានអនឡាញមានការកើនឡើងច្រើន ហើយកំណើនច្រើនរបស់អ្នកសារព័ត៌មាន មិនបានឆ្លងកាត់ការ បណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌ឱ្យបានត្រឹមត្រូវនោះទេ ។ ទន្ទឹមនេះ កំណើនកើនឡើងរបស់អ្នកសារព័ត៌មានអនឡាញដែលមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាល ដែលនាំឱ្យមានការប្រឈមមុខជាមួយការអនុវត្តនូវវិជ្ជាជីវៈរបស់គាត់ ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានអោយបានកាន់តែច្រើនបន្ថែមទៀត ហើយក្រសួងព័ត៌មាន ផ្តល់ការគាំទ្រ កិច្ចសហការ និងផ្តល់ទីតាំងសាលប្រជុំនៅក្នុងក្រសួងព័ត៌មាន សម្រាប់សមាគមសារព័ត៌មានរៀបចំវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងការពារសុវត្តិភាព ដល់អ្នកសារព័ត៌មាន ដែលអនុវត្ត៍ការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
បើតាមឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជាបានជម្រាបជូនពីលទ្ធផលការងារដែលសម្រេចអនុវត្តន៍បាននៅឆ្នាំ២០២៤ ដែលរួមមាន បានណែនាំ និងសម្របសម្រួលផ្តល់យោបល់ដល់សមាគមក្នុងការរៀបចំកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងកម្រិតក្រសួង ស្ថាប័នរដ្ឋ អង្គការសមាគម និងវិស័យឯកជននានា កិច្ចសម្របសម្រួលលើការស្នើសុំមេធាវីក្រសួងការពារក្តីដល់អ្នកកាសែត សម្របសម្រួលលើការផ្តល់ជូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ពង្រឹងគុណភាពការងារផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងសម័យបច្ចេកវិទ្យាឌីជីថល រួមមានគេហទំព័រ, Facebook Page, YouTube, Telegrame, Tik Tok និងប្រព័ន្ធសង្គមផ្សេងៗ ដោយជំរុញ និងលើកទឹកចិត្តដល់សមាគមអ្នកសារព័ត៌មានដែលមិនទាន់បានចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពឱ្យយល់ដឹង និងមកទទួលការចុះបញ្ជីស្របតាមច្បាប់ ។ ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា បច្ចុប្បន្ន សមាគមសារព័ត៌មានដែលកំពុងប្រតិបត្តិការដោយចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន មានចំនួន ២៦ អង្គភាព សមាគម ៕