ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា សម័យប្រឡងសញ្ញាបត្រទុតិយភូមិកាលពីឆ្នាំសិក្សា២០១៤ សិស្សប្រឡងបាននិន្ទេស “អេ” មានចំនួនតែ១១នាក់ ហើយនៅឆ្នាំសិក្សា២០២៤នេះ សិស្សប្រឡងបាននិន្ទេស “អេ”បានកើនឡើងដល់ ២២២៥នាក់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិន្ទេស “អេ”នៃការប្រឡងសញ្ញាបត្រធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៣ធ្នូឆ្នាំ២០២៤នេះនៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន បានបញ្ជាក់ថាជោគជ័យនេះគឺជាលទ្ធផលនៃការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ក្រសួងអប់រំ យុវជននិងកីឡាអស់រយ:ពេល១០ឆ្នាំគឺចាប់ពីឆ្នាំ២០១៤មកដល់ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ការកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ក្រសួងអប់រំកាលនោះក្រោមទិសស្លោកថា “អ្នកចេះគឺជាប់” ដោយកែទម្រង់អនុរក្សនៅតាមបន្ទប់ប្រឡង សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយចុះមកត្រួតពិនិត្យនៅតាមបន្ទប់ប្រឡង និងក្រុមកំណែវិញ្ញាសារជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ទៀតថា គុណភាពអប់រំរបស់សិស្សមានការកើនឡើង ដោយនៅឆ្នាំ២០២៤នេះ នៅគ្រប់២៥ខេត្ត -រាជធានី មានសិស្សប្រឡងបាននិន្ទេស”អេ”។
ទន្ទឹមនេះរាជធានីភ្នំពេញជាប់លំដាប់ទី១ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន៦៩០នាក់ដែលស្មើ៣០ភាគរយនៃសិស្សនិន្ទេស”អេ”ទូទាំងប្រទេស។ ខេត្តសៀមរាបជាប់លំដាប់ទី២ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន២២១នាក់។ ខេត្តកណ្តាលជាប់លំដាប់ទី៣ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន២១៦នាក់។ ខេត្តតាកែវជាប់លំដាប់ទី៤ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន១៣៨នាក់។ ខេត្តបាត់ដំបងជាប់លំដាប់ទី៥ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន១៣០នាក់។ ខេត្តព្រៃវែងជាប់លំដាប់ទី៦ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន១១៧នាក់។ ខេត្តកំពង់ចាមជាប់លំដាប់ទី៧ដែលមានសិស្សប្រឡងបាននិន្ទេស “អេ” មានចំនួន១១៥នាក់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបានរំលឹកថា នៅឆ្នាំដំបូងនៃកំណែទម្រង់ការប្រឡង ពេលនោះអត្រាសិស្សប្រឡងជាប់មានតែ២៥,៧ភាគរយប៉ុណ្ណោះ។ ប៉ុន្តែកិច្ចប្រឹងប្រែងរយ:ពេល១០ឆ្នាំនេះបានធ្វើអោយកំណើនអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានឡើងដល់៧៩ភាគរយនៅពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រីបានកត់សំគាល់ថា បរិមាណសិស្សប្រឡងបាននិន្ទេស “អេ” ឆ្លុះបញ្ជាំងពីកត្តាសេដ្ឋកិច្ចសង្គមរបស់គ្រួសាររបស់សិស្សនិងកត្តាហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រមូលដ្ឋាន។ យ៉ាងណាក៏ដោយក្នុងនៅមានសិស្សចេញពីគ្រួសារក្រីក្រមួយចំនួនក៏ប្រឡងបាននិន្ទេស “អេ”ដែរ។ នេះក៏ដោយសារ សាលារៀននីមួយៗបានខិតខំប្រឹងប្រែងផលិតធនធានមនុសុ្សប្រកបដោយគុណភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកអំពីជោគជ័យក្នុងវិស័យអប់រំនេះថា បានកើតមានបន្ទាប់ពី រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ សហព័ន្ធសហភាពយុវជនកម្ពុជា បានចុះជួយលោកគ្រូអ្នកគ្រូនៅគ្រប់រាជធានីខេត្ត ជួយគាំទ្រដល់ការសិក្សារបស់សិស្ស ហើយបន្ទាប់ពីឆ្នាំ២០១៨មក ក្រសួងអបរំក៏បានរៀបចំអោយមានការអនុវត្តសាកល្បងនូវកំណែទម្រង់សាលារៀន។
នេះបង្ហាញពីជោគជ័យរួមគ្នារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញវិធានការគន្លឹះដើម្បីគាំទ្រវិស័យអប់រំ ក្នុងការងារអភិបាលកិច្ចសាលារៀន បន្ថែមម៉ោងសិក្សា២ម៉ោងក្នុងមួយថ្ងៃ ដើម្បីជួយដល់មូលដ្ឋានគ្រឹះសិក្សារដ្ឋនិងការពង្រឹងគុណភាពអប់រំគឺជាវិធានការណ៍មួយដ៏ចាំបាច់សម្រាប់បន្តការលើកកំពស់គុណភាពអប់រំនៅកម្ពុជា៕







