ត្បូងឃ្មុំ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រសួងកសិកម្ម គ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង ៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។
ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត២០ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ។
ការរៀបចំគនិតផ្តួចផ្តើមនេះគឺជាអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប៕







