មន្ត្រីសម្របសម្រួលគម្រោងអាសិត (ASSET) គូសបញ្ជាក់ពីសារប្រយោជន៍នៃការដាក់អង្ក្រងនៅតាមដើមស្វាយចន្ទី

0

ព្រះវិហារ៖ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​នៃ​ការ​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​របស់​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​លើ​ការ​អនុវត្ត​ក​សិ​អេកូឡូស៊ី​នៅ​ចម្ការ​ស្វាយចន្ទី​របស់​បងប្អូន​ប្រជា​កសិករ​មួយ​កន្លែង នា​ស្រុក​រវៀង ខេត្តព្រះវិហារ ក្រោម​ការ​រៀបចំ​ឡើង​ដោយ​បណ្តា​ញក​សិ​អេកូឡូស៊ី​កម្ពុជា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ លោក ម៉ាំង ប្រុស មន្ត្រី​សម្របសម្រួល​គម្រោង អា​សិត (ASSET) បាន​ថ្លែង​ថា ការ​ដាក់​អង្ក្រង​នៅ​តាម​ដើម​ស្វាយចន្ទី​គឺ​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់ ដើម្បី​ជា​ការ​ការពារ​ដំណាំ​មួយ​នេះ​ពី​ការ​យាយី​ពី​ពពួកសត្វ​ល្អិត​ចង្រៃ​ផ្សេង​ៗ ដោយ​អង្ក្រង​នឹង​ស៊ី​សត្វល្អិត​ចង្រៃ​កុំឱ្យ​វា​បំផ្លាញ​ស្វាយចន្ទី ជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​ស្វាយចន្ទី​ចេញ​ត្រួយ​ខ្ចី គឺ​តែងតែមាន​សត្វល្អិត​ចង្រៃ​ដែល​យើង​ពិបាក​នឹង​មើលឃើញ​ដោយ​ភ្នែក​ទទេ​វា​មក​កាត់​បំផ្លាញ​ត្រួយ បំផ្លាញ​ផ្កា និង​បំផ្លាញ​ក្តឹប​ស្វាយចន្ទី ដែល​នាំ​ឱ្យ​កសិករ​រង​នូវ​ការ​ខាតបង់​ដ៏​គួរ​ឱ្យ​សោកស្តាយ​។

លោក ម៉ាំង ប្រុស បាន​ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការ​ដាក់​អង្ក្រង​នៅ​តាម​ដើម​ស្វាយចន្ទី​ដើម្បី​ឱ្យ​វា​ចាំ​ស៊ី​ពពួក សត្វ​ចង្រៃ​ថា មុន​នឹង​ការ​ដាក់​យើង​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ពូជ និង​អំពី​គ្រួសារ​របស់​អង្ក្រង ព្រោះ​ប្រសិនបើ​យើង​ដាក់​វា​ឱ្យ​នៅ​ជាមួយ​គ្នា​ដោយ​ខុស​ពូជ ខុស​គ្រួសារ​នោះ ប្រាកដ​ណាស់​វា​នឹង​ខាំ​គ្នា​រហូត​ទាល់តែ​ងាប់​រៀង​ៗ​ខ្លួន​។ មួយវិញទៀត​មុន​នឹង​ដាក់​អង្ក្រង​យើង​ក៏​ត្រូវ​សង្កេត​មើល​ថា​នៅ​លើ​ដើម ស្វាយចន្ទី​នោះ​មាន​កត្តាចង្រៃ​អ្វីខ្លះ​ដូច​ជា​ត្រោក និង​ស្រមោច​ក្រហម​ជាដើម នៅ​ពេល​ដែល​យើង​ដាក់ អង្ក្រង​ទៅ​វា​នឹង​ខាំ​គ្នា​។ ដូច្នេះ​មុន​នឹង​ដាក់​អង្ក្រង​យើង​ចាំបាច់​ត្រូវ​តែ​កំចាត់​ពួក​វា​ចេញ​ជា​មុន​សិន ក្នុង​នោះ​ចំពោះ​ត្រោក​យើង​អាច​យក​កន្ត្រៃ​កាត់​វា​ចេញ ចំណែក​ស្រមោច​ក្រហម​វិញ​យើង​ត្រូវ​ដាក់​ចំណី​ធ្វើ​ជា​អន្ទាក់​នៅ​ក្នុង​កូនចាន​ហើយ​នៅ​ពេល​ដែល​វា​នាំ​គ្នា​មក​ស៊ី​យើង​ត្រូវ​យក​វា​ទៅ​ជ្រលក់​ក្នុង​ទឹកសាប៊ូ​ដើម្បី​ឱ្យ​វា​ងាប់​។

បន្ថែម​ពី​នេះ មន្ត្រី​សម្របសម្រួល​គម្រោង អា​សិត (ASSET) រូប​នេះ ក៏​បាន​ប្រាប់​ពី​វិធី​ថែទាំ​អង្ក្រង​ដើម្បី​ឱ្យ​វា​នៅ​នឹង​ដើម​ស្វាយចន្ទី​ដោយ​ពុំ​ចាញ​ចេញ​ទៅ​ណា ដោយ​កសិករ​ត្រូវ​យក​អ្វីមួយ​ជ្រលក់​ជាមួយ​ប្រេង​អ្វី​ម្យ៉ាង​មក​រុំ​នៅ​គល់​ស្វាយចន្ទី​ដើម្បី​ការពារ​ពួក​វា​កុំឱ្យ​ចុះ​ទៅ​ណា ហើយ​បន្ទាប់​ពី​ពួក​វា​ចាប់ផ្តើម​កាច់​សំបុក​ហើយ​យើង​ត្រូវ​ដាក់​ចំណី​ឱ្យ​វា​ស៊ី ដោយ​ចំណី​សម្រាប់​ពួក​វា​មាន​ដូច​ជា​ពោះវៀន​មាន់ ពោះវៀន​ជ្រូក​ជាដើម ហើយ​នៅ​ពេល​ដែល​វា​មាន​ចំណី​ស៊ី​គឺ​ពួក​វា​លែង​ចេញ​ទៅ​ណា​ទៀត​ហើយ ពួក​វា​នឹង​កាច់​សំបុក​នៅ​លើ​ដើម​ស្វាយចន្ទី​របស់​យើង​យ៉ាង​ត្រឹមត្រូវ ដែល​នៅ​ពេល​នោះ​ហើយ​កសិករ​អាច​ធ្វើការ​ចង​ត​ខ្សែ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ដើម្បី​ឱ្យ​អង្ក្រង​ធ្វើការ​ផ្លាស់​ទី​រក​ចំណី​ដោយ​ការ​ចាប់​ស៊ី​សត្វល្អិត​ចង្រៃ​ដែល​ចាំ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​។ ជាមួយ​គ្នា​នេះ លោក ម៉ាំង ប្រុស ក៏​បាន​រំឭក​ដល់​ប្រជា​កសិករ​ពី​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ផង​ដែរ ព្រោះថា​នៅ​ពេល​បាញ់ថ្នាំ​ប្រភេទ​នេះ​នឹង​បណ្តាល​ឱ្យ​អង្ក្រង​ដែល ជា​កងទ័ព​ស្រួច​ក្នុង​ការ​កំចាត់​សត្វ​ចង្រៃ​ចាំ​បំផ្លាញ​ស្វាយចន្ទី​នឹង​ងាប់ តែ​ផ្ទុយ​ទៅ​វិញ​កសិករ​អាច​ជ្រើស រើស​វិធីសាស្ត្រ​ផ្សេង​វិញ​ដើម្បី​ជា​ការ​ថែរក្សា​អង្ក្រង​របស់​ខ្លួន​។

សូម​ជម្រាប​ជូន​ថា ការ​អនុវត្ត​ការ​ដាក់​អង្ក្រង​នៅ​តាម​ដើម​ស្វាយចន្ទី​ឱ្យ​វា​ស៊ី​សត្វ​ចង្រៃ​នៅ​កម្ពុជា ទើបត្រូវ​បាន​ធ្វើ​កាលពី​ឆ្នាំ​កន្លង​ទៅ​ដោយ​បាន​រៀនសូត្រ​ពី​ប្រទេស​វៀតណាម ខណៈ​ដែល​កិច្ចការ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​រួច​ហើយ​នៅ​យ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​៕