នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព

0

ព្រះសីហនុ៖ លោក​ឧត្តមនាវីត្រី នួន ឧត្តម មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ បាន​ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង​មូលដ្ឋាន​សមុទ្រ អញ្ជើញ​ជូន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ចំនួន​០១​គ្រឿង មានឈ្មោះ USS Savannah (LCS-28) នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​នាវា​បាន​ចូល​សំចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៥​ថ្ងៃ​រួច​មក ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​រវាង​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ក្នុង​ឱកាស​ស្នាក់​នៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ព្រះ​សីហ​នុ មេបញ្ជាការ​មូល​ដ្នា​ន​សមុទ្រ និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​មួយ​ចំនួន ព្រមទាំង​មានកម្ម​វិធី​លេង​កីឡាបាល់ទះ​មិត្តភាព​រវាង​កងទ័ពជើងទឹក​ទាំង​ពីរ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​បន្ថែម​ទៀត​។

នាវា USS Savannah (LCS-28) មាន​បណ្ដោយ​១២៧,៤​ម៉ែត្រ ទទឹង​៣១,៦​ម៉ែត្រ ជម្រៅ​ទឹក​៦,១៩​ម៉ែត្រ ទម្ងន់​ផ្ទុក​៣២៥០​តោន ល្បឿន ៤០knots (74 km/h; 46 mph) ប្រសិទ្ធភាព​ប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km, ៤,៩០០mi) ចំនួន​នាវិក​សរុប​ចំនួន​១០៣​នាក់ ក្នុង​នោះ​នាយទាហាន​១៥​នាក់ និង​មាន​នាវិក​១៥​រូប (​ស៊ី​វិល​) ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​នាវា វរ​នា​វី​ទោ Daniel A. Sledz, និង​មាន​ឧទ្ធម្ភាគចក្រ MH-60R/S Seahawk ។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៤​នេះ ខេត្ត​ព្រះ​សីហ​នុ ទទួល​នាវា​កងទ័ពជើងទឹក​បរទេស​មួយ​ចំនួន​មាន​ដូច​ជា នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ថៃ វៀតណាម ចិន ឥណ្ឌូ​នេ​ស៊ី ចក្រភព​អង់គ្លេស កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​៕