សៀវភៅ «គោលធម៌ព្រះត្រៃបិដក» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី១១

0

ភ្នំពេញ៖ «​ក្នុង​ដំណើរការ​រយៈពេល ៣​ថ្ងៃ នៃ​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី​១១ ក្រោម​ប្រធានបទ​៖ «​អ្នក​អាន ជា​អ្នករៀន​ពេញ​មួយ​ជីវិត​» នេះ សៀវភៅ «​គោល​ធម៌​ព្រះ​ត្រៃ​បិដក​» ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​ព្រះសង្ឃ »​។ នេះ​បើ​តាម​អ្នក​នាង ទូច សា​អែម សមាជិកា​នៃ​សមាគម​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​សៀវភៅ​នេះ​។

ទន្ទឹម​នេះ អ្នក​នាង ទូច សា​អែម បាន​គូសបញ្ជាក់​ថា សៀវភៅ​នេះ ក៏​ស័ក្ដិសម​សម្រាប់​ប្អូន​ៗ​សិក្សា​នុ​សិស្ស ចាប់ពី​ថ្នាក់​ទី​១២ ឡើង​ទៅ អាច​អាន​បាន ដើម្បី​បង្កើន​ចំណេះដឹង ព្រោះ​ក្នុង​វិស័យ​អំ​ណា​ន មិន​មាន​រើស​ប្រភេទ​សៀវភៅ​ឡើយ មិន​ថា​សៀវភៅ​គតិ​អប់​រំជា​ភាសា​ខ្មែរ ឬ​បរទេស និង សៀវភៅ​ប្រលោមលោក នោះ​ទេ សុទ្ធតែ​មាន​ប្រយោជន៍​ទាំងអស់ ក្នុង​ការ​ដុះខាត់​ចំណេះដឹង និង​បញ្ញា​ស្មារតី ។

អ្នក​នាង ទូច សា​អែម បាន​រ៉ាយរ៉ាប់​ឱ្យ​ដឹង​ថា​សមាគម​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​លោក​សាស្ត្រាចារ្យ ទូច គឹ​ម​ស្រ៊ា​ង បាន​ដកស្រង់ និង​រៀបរៀង​សៀវភៅ​មួយ​ក្បាល​ឈ្មោះ «​គោល​ធម៌​ព្រះ​ត្រៃ​បិដក​» ដើម្បី​សម្រួល​ក្នុង​ការ​អាន និង​ចង​ចាំ ។ ការ​រៀបរៀង​ឡើង​វិញ​នេះ ពីព្រោះ​គម្ពី «​ព្រះ​ត្រៃ​បិដក​» ច្បាប់​ដើម​សរសេរ​ជា​ភាសាបាលី​ច្រើន ដូច្នេះ​បាន​បង្ក​ភាព​លំបាក​សម្រាប់​ការ​អាន ជា​ពិសេស​សម្រាប់​សិក្សា​នុ​សិស្ស និង​ពុទ្ធសាសនិក​ទូទៅ ។

អ្នក​នាង ទូច សា​អែម បានឱ្យ​ដឹង​ទៀត​ថា សៀវភៅ «​គោល​ធម៌​ព្រះ​ត្រៃ​បិដក​» គឺ​បាន​ដកស្រង់​តែ​ចំណុច​សំខាន់​ៗ ហើយ​ខ្លឹម​ប៉ុណ្ណោះ ពី​គម្ពី​ព្រះ​ត្រៃ​បិដក​ដែល​មាន​ចំនួន ១១០ ក្បាល និង​សរសេរ​ជា​ភាសា​ខ្មែរ លាយ​បា​សា​បាលី​តិចតួច​បំផុត ។ អ្នក​នាង​បន្ត​ថា សៀវភៅ «​គោល​ធម៌​ព្រះ​ត្រៃ​បិដក​» នេះ ត្រូវ​បាន​ចំណាយពេល​ក្នុង​ការ​រៀបរៀង​រហូត​ដល់​រយៈពេល ១​ឆ្នាំ ក្នុង​នោះ​មាន ៨១៤ មាតិការ និង ៣៦៥​ទំព័រ ។ ហើយ​សម្រាប់​ដំណើរការ​នៃ​ការ​រៀបរៀង​ឡើង​វិញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​ចំនួន ៣ គឺ​គណៈកម្មការ​តែង​និពន្ធ​, គណៈកម្មការ​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ និង​គណៈកម្មការ​សម្រួល​ផ្នែក​បច្ចេកទេស ។

ចំពោះ​អត្ថប្រយោជន៍​សៀវភៅ​នេះ​វិញ ត្រូវ​បាន​អ្នក​រៀបរៀង​អះអាង​ថា​គម្ពី «​ព្រះ​ត្រៃ​បិដក​» ពិតជា​មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​វិស័យ​អប់រំ ។

គម្ពី «​ព្រះ​ត្រៃ​បិដក​» ជាទី​រួបរួម​ពុទ្ធវចនៈ​, ជា​តំណាង​អង្គ​ព្រះ​បរម​សាស្តា​របស់​ពុទ្ធសាសនិក ព្រោះ​ជាទី​ចារឹក ព្រះ​ធម្ម​វិន័យ និង ជា​ប្រភព​ដើម​នៃ​ព្រះ​ធម្ម​វិន័យ​របស់​ព្រះពុទ្ធ​សាសនា ។​ល​។ យ៉ាងណា​ក៏​ដោយ អ្នក​រៀបរៀង​សៀវភៅ​នេះ បាន​កត់សំគាល់​ឃើញ​ថា មាន​ពុទ្ធសាសនិក​មួយ​ចំនួន​ធំ ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​ពួក​គាត់​មិន​ទាន់​បាន​អាន គម្ពី «​ព្រះ​ត្រៃ​បិដក​» ផង ៕