ភ្នំពេញ៖ «នៅក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ដែលបានដំណើរការទៅអស់រយៈពេល ៣ថ្ងៃមកហើយនេះ យើងសង្កេតឃើញមានសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជន យុវតី ដែលសកម្មភាពនេះសបញ្ជាក់ឱ្យឃើញថា យុវវ័យខ្មែរបច្ចុប្បន្នកំពុងផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគេ ដោយមកស្រឡាញ់វិស័យអំណាន និងសៀវភៅ »។
នេះជាការលើកឡើងរបស់លោកស្រី ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាគ្រូបង្រៀនវិជ្ជាតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ នៅក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ ២០២៤ ។
នៅឯពិព័រណ៍សៀវភៅកម្ពុជាដែលរៀបចំនៅក្នុងបរិវេនមជ្ឈមណ្ឌាលកោះពេជ្រនេះ គេឃើញ មានអ្នកមកចូលរួម ដែលមួយចំនួនធំ ស្ថិតក្នុងសំលៀកបំពាក់ឯកសណ្ឋានសិស្ស និងខ្លះទៀតជានិស្សិត។
យុវជន យុវតី ខ្លះនៅឈរពិនិត្យសៀវភៅ នៅមុខតូបដែលមានការតាំងបង្ហាញសៀវភៅជាច្រើនប្រភេទ មានទាំងសៀវភៅផ្តល់ពុទ្ធិផ្នែកពាណិជ្ជកម្ម ផ្នែកប្រវត្តិសាស្ត្រ ផ្នែកទស្សនវិជ្ជា និងផ្នែកអក្សរសិល្ប៍។ល។
កវីស្រីដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យអក្សរសាស្ត្រខ្មែរ រូបនេះ បានផ្ដល់ទស្សនទានថា «អានច្រើនចម្រើនចំណេះ» តួយ៉ាងដូចជាលោកស្រីផ្ទាល់ ទោះជាស្ថិតនៅក្នុងវ័យចាស់ប៉ុននេះហើយក្ដី ក៏នៅតែអានសៀវភៅដែរ ពោលគឺតែងតែអានសៀវភៅថ្មីៗជានិច្ច។ ដូច្នេះសម្រាប់យុវវ័យ គួរតែផ្លាស់ប្ដូរទម្លាប់របស់ខ្លួនដែលចូលចិត្តចំណាយពេលច្រើនទៅលើការលេងទូរស័ព្ទស្មាតហ្វូន គួរតែងាកមកអានសៀវភៅ ដើម្បីបណ្ដុះស្មារតី គំនិត និងចំណេះដឹងល្អៗ ទើបប្រសើរ ។
នៅក្នុងឱកាសនោះដែរ លោកស្រី បានកោតសរសើរ និងអរគុណ ដល់កម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ សម្រាប់ជាប្រយោជន៍ដ៏សំខាន់ចំពោះយុវជន យុវតីខ្មែរ ព្រមទាំងផ្ដល់ឱកាសឱ្យអ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយ បានបង្ហាញស្នាដៃរបស់ពួកគេ ។
លោកស្រី ប៉ុល ពិសី បានចាត់ទុកថា ពិព័រណ៍សៀវភៅកម្ពុជា គឺជាផ្នែកមួយនៃការចូលរួមបង្កើតឱ្យមានធនធានអ្នកនិពន្ធថ្មីៗ និងជាថ្នាលផ្លាស់ប្ដូរទម្លាប់របស់យុវជនខ្មែរ ឱ្យងាកមកស្រឡាញ់សៀវភៅ និងអំណាន ដែលជាមាគ៌ាផ្តល់ចំណេះវិជ្ជា និងគំនិតបញ្ញា ឆ្ពោះទៅអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់សង្គមកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅ កម្ពុជា លើកទី១១ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ពិព័រណ៌នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៨ព្រឹក ដល់ ៨យប់ នៅបរិវេណមុខសួនច្បារសាលាបុរី នៃមជ្ឈមណ្ឌាលកោះពេជ្រ រាជធានីភ្នំពេញ ៕







