រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៣០​នាទី ផ្លូវជាតិ​លេខ 160T នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង​២ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​ម្នាក់ ។

លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​រាយការណ៍​ឲ្យ​ដឹង​ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ គ្មាន​ពាក់​ស្លាក់​លេខ សេរី​ឆ្នាំ​២០២៤ អ្នកបើកបរ​ឈ្មោះ សា​វួ​ត វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ពីងពង់ ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ ធឿ​ន ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ដី​ឡូ ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​) បុក​និង​រថយន្ត ម៉ាក​ហាន​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-3723 សេរី​ឆ្នាំ​១៩៩៩ អ្នកបើកបរ​ឈ្មោះ សី សុខ​ខុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូ​និគម​ន៍ ខេត្តសៀមរាប ។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ដឹង​ថា​៖ រថយន្ត​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ច្រាសទិស​ដៅ​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន បាន​ឡើង​វ៉ា​ជែង​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ហើយ​ក៏​ជ្រុល​ទៅ​បុក​ចំ​ពេញទំហឹង​ជាមួយ​រថយន្ត ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​តែ​ម្ដង ។

បច្ចុប្បន្ន នគរបាល​ស្រុក​ប​វេ​ល​បាន​យក​មធ្យោបាយ​បង្ក និង​វត្ថុ​តាង​បាន​យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នី​តី​វិធី ។ ចំណែកឯ​សាកសព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕