បន្ទាប់ពីចំណាយពេល៦ឆ្នាំ គម្រោងជួសជុលព្រះលានជល់ដំរីចំនួន២ទីតាំងនឹងត្រូវបញ្ចប់ក្នុងរយៈពេលជាងមួយខែទៀត

0

សៀមរាប៖ នៅក្នុងបរិវេណអង្គរធំគម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូង​ប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះ ដោយរំលឹកអំពី​ការដ្ឋានមួយនេះថា គម្រោងជួសជុលដែលចាប់​ផ្ដើម​ដំណើរការយ៉ាង​យកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងក្នុងប្រវែងសរុប​ជាង៤០​ម៉ែត្រ ហើយរហូតមកដល់​បច្ចុប្បន្ន​បានសម្រេចលទ្ធផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់​តែការដាប់​ឆ្លាក់ថ្មថ្មីជំនួស​ឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។

លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូង​ប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។ ចំណែកនៅផ្នែក​ខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនា​សម្ព័ន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាត​មុខថ្មថ្មី​ដែលជំនួសថ្មចាស់បាត់បង់។ ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំង​ព្រះលានជល់ដំរីប្រវែង២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ដែលខុសពីផ្នែកខាងត្បូង​ដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាម​លំនាំដើម។

បើតាមលោក EO JINKYU ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែក​ខាងជើងបានទ្រេត​ប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះ​ខ្សោយ និងធ្លាប់បានជួសជុលម្ដង​មកហើយកាលពីសម័យមុន និងនៅសម័យបារាំង។ ការខូចខាតបណ្តាលមកពីទឹកហូរច្រោះ និងផ្នែកខ្លះធ្លាប់បានជួស​ជុលមិនសូវមានគុណភាពផង។ ដូច្នេះ ការងារជួសជុលត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់​យ៉ាងត្រឹម​ត្រូវ​តាមបច្ចេកទេសបុរាណដើម្បីរក្សាបាននូវភាពរឹងមាំ​យូរអង្វែងនៃរចនាសម្ពន្ធនៃព្រះលានជល់ដំរីជាបន្តទៀត៕