រាជធានីភ្នំពេញមានទីក្រុងរណបចំនួនប៉ុន្មាន?

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជា​ណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពិធីបើកការដ្ឋាន “គម្រោងអភិវឌ្ឍន៍​ទីក្រុងរណប” ថ្មីមួយទៀត​ដែល​ស្ថិតនៅខាងកើតរាជធានីភ្នំពេញ ដែលមានឈ្មោះថា “ទីក្រុងរណបមេគង្គឃី” ខណៈដែលគេដឹងថា រាជធានីភ្នំពេញមានទីក្រុងរណបជាច្រើនកន្លែង​រួចមក។ “ទីក្រុងរណ​បមេគង្គឃីមេគង្គឃី” ជាទីក្រុងរណបទី១ របស់ខេត្តកណ្ដាលដែលស្ថិត​នៅ​ត្រើយម្ខាងនៃទន្លេមេគង្គ ទល់មុខនឹងព្រះបរមរាជវាំង និងអភិវឌ្ឍ​ដោយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប លើផ្ទៃដីសរុបជាង ២១០ហិកតា ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុង​អរិយក្សត្រ ខេត្តកណ្តាល។

សំណួរនៅទីនេះ គឺបន្ថែមដោយទីក្រុងរណបថ្មីនៅខេត្តកណ្ដាល ចំណែករាជធានីភ្នំពេញមានទីក្រុងរណបចំនួនប៉ុន្មាន? លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងអរិយក្សត្រអធិប្បាយថា រាជធានីភ្នំពេញមានទីក្រុងរណបចំនួន៧ ក្នុងនេះ ៖

(១) ទីក្រុងកោះពេជ្រ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០០៦ ដែលមានផ្ទៃដីសរុបជាង ១០០ហិកតា,(២) កាំកូស៊ីធី៖ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុនកូរ៉េ World City ក្នុងឆ្នាំ២០០៦ ដែលមានផ្ទៃដីសរុបជាង ១១៩ហិកតា,(៣) បឹងកក់​ស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុន Shukaku ក្នុងឆ្នាំ២០០៧ ដែលមានផ្ទៃដីសរុបជាង ១១៤ហិកតា,(៤) ទីក្រុង​ជ្រោយចង្វារ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០១១ ដែលមាន​ផ្ទៃដីសរុបជាង ៣០០ហិកតា,(៥) ហ្គាឌិនស៊ីធី៖ អភិវឌ្ឍដោយ​ក្រុមហ៊ុន​លោកឧកញ៉ា លី យ៉ុងផាត់ ក្នុងឆ្នាំ២០១២ ដែលមានផ្ទៃដីសរុបជាង ១០០០ហិកតា,(៦) ហ្គ្រេនភ្នំពេញស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនជីប ម៉ុង ក្នុងឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុបជាង ២៦០ហិកតា,(៧) ទីក្រុងកោះនរា៖ អភិវឌ្ឍដោយ​ក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០២០ ដែល​មាន​ផ្ទៃដីសរុបជាង ១២៥ហិកតា។

“ទីក្រុងរណបមេគង្គឃី”មានផ្ទៃដីសរុបជាង ២១០ហិកតា ស្ថិតនៅ​សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ការបង្កើតទីក្រុង​រណបថ្មីនេះត្រូវបានគេរពឹងទុកថានឹងធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់ថ្មីលើ​ទឹកដីក្រុង​អរិយក្សត្រ តាមរយៈការអភិវឌ្ឍលើហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ តំបន់ពាណិជ្ជកម្ម លំនៅឋាន បដិសណ្ឋាកិច្ច អប់រំ សុខា​ភិបាល ទេសចរណ៍ និងវប្បធមន៍ ដោយរក្សាទុកផ្ទៃប្រមាណ ៧០ហិកតា​សម្រាប់​សួនច្បារសាធារណៈ និងហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់រួមទាំង​ផ្លូវទ្បានក្រុងសាធារណៈ ថ្មើជើង និងកង់ផងដែរ៕