ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង ចំនួន៧ ត្រៀមបំរើស្រោចស្រពដំណាំស្រូវប្រាំង នៅឆ្នាំ២០២៥

0

បាត់ដំបង៖ ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ចំនួន៧ទីតាំង ស្ថិតនៅក្នុងស្រុកបាណន់ ស្រុកឯកភ្នំ និងស្រុកបវេល មានសក្តានុពល និងសមត្ថភាពអាចស្រោចស្រពដំណាំស្រូវប្រាំង ជិត៣ម៉ឺនហិកតា សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ។

នេះបើតាមការបញ្ជាក់ពីលោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្ដាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្នុងពេលផ្តល់នូវបទសម្ភាសនួជាមួយក្រុមការងារទូរទស្សន៍ប្រចាំខេត្តបាត់ដំបង ដោយលោក បានបញ្ជាក់យ៉ាងដូច្នេះទៀតថា សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៥នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងសរុបទាំងអស់ចំនួន២៧ពាន់ហ.ត ក្នុងនោះគឺប្រព័ន្ធធារាសាស្ត្រ អាងកំពីងពួយ ចំនួន១២ពាន់ហ.ត ប្រព័ន្ធធារាសាស្ត្រអាងភាសន៍ ចំនួន ២៦០០ ហ.ត ប្រព័ន្ធធារាសាស្ត្រកង្ហត ចំនួន ៨២០០ហ.ត ប្រព័ន្ធធារាសាស្ត្រសាលាតាអន ចំនួន១៨០០ ហ.ត ប្រព័ន្ធធារាសាស្ត្រតាហែន ចំនួន ២៥០ហ.ត ប្រព័ន្ធធារាសាស្ត្របវេល ចំនួន១៤០០ហ.ត និងប្រព័ន្ធធារាសាស្ត្រព្រៃខ្ពស់ ចំនួន៧៥០ហ.ត ។

លោក ខៃ សុដា បានឱ្យដឹងទៀតថា សម្រាប់ប្រព័ន្ធធារាសាស្រ្ត អាងភាសន៍ ដែលមានទីតាំងស្ថិតនៅជាប់ស្រុកថ្មគោល និងស្រុកឯកភ្នំ បន្ទាប់ពីបានសាងសង់សំណង់ទ្វារទឹក និងស្តារឡើងវិញរួចមក ក្រៅពីអាចស្តុកទឹកបានរហូតដល់ជាង៣២លានម៉ែត្រគូប អាចធ្វើការស្រោចស្រពដំណាំស្រូវរដូវវស្សាចំនួន៣២០០ហ.ត និងស្រូវរដូវប្រាំងចំនួន២៦០០ហ.តនោះ តំបន់អាងភាសន៍នេះ បាននិងកំពុងតែទាញការចាប់អារម្មណ៍ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក ឱ្យមកលេងកម្សាន្តនាពេលល្ងាច ជាពិសេសថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ដើម្បីងូតទឹកលេង រកត្រីជាលក្ខណៈគ្រួសារ និងការពិសាអាហារយ៉ាងសប្បាយរីករាយផងដែរ ។

លោក ខៃ សុដា បានបង្ហាញថា ពេលដែលស្រូវបានថ្លៃ ប្រជាពលរដ្ឋមានការផុសផុលក្នុងការធ្វើស្រែរដូវវស្សាលើកទី២ និងការធ្វើស្រែប្រាំងខ្លាំង ដូចជានៅស្រុកសង្កែ មោងប្ញស្សី និងស្រុករុក្ខគិរីជាដើម ដែលគាត់ខំធ្វើហើយ យើងមិនមានប្រភពទឹក ដើម្បីសង្រ្គោះស្រូវរបស់គាត់ តែយ៉ាងណាក៏លោកអនុប្រធានមន្ទីរទទួលបន្ទុកក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំរបស់មន្ទីរជំនាញ ក្នុងការធ្វើស្រូវរដូវប្រាំង ដើម្បីកុំឱ្យមានការខាតបង់ទាំងពេលវេលា និងធនធានប្រាក់កាសនិងកម្លាំងពលកម្មជាដើម ៕